បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានចាត់ទុកពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 គឺជាពូលមានការប្រកួតជែងខ្លាំង តែលោកនឹងខំប្រឹងដើម្បីដឹកនាំក្រុមឡើងវគ្គបន្ដនៃពានរង្វាន់ប្រចាំតំបន់អាស៊ានមួយនេះ។

ការលើកឡើងរបស់អតីតជម្រើសជាតិជប៉ុនរូបនេះ បន្ទាប់ពីកម្ពុជាត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល B នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវកាលពីថ្មីៗ ខណៈពូល A គឺមានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងក្រុមឆ្លងផុតការប្រកួតជម្រុះ Play-Off រវាងប្រ៊ុយណេ និងទីម័រខាងកើត។ លោក Honda បាននិយាយថា ដូចបងប្អូនបានដឹងហើយពីលទ្ធផលការចាប់ឆ្នោតពានរង្វាន់ Suzuki Cup មានប្រទេសខ្លាំងៗច្រើនក្នុងពូលជាមួយកម្ពុជា។ តែយ៉ាងណាលោកសប្បាយចិត្ត និងរំភើបចំពោះការប្រកួតមួយនេះនៅខែធ្នូខាងមុខ។ លោកដឹងថា វាជាការប្រកួតប្រជែងដែលតានតឹង តែក្រុមគោព្រៃកម្ពុជានឹងប្រឹងប្រែងដើម្បីអាចឈានទៅវគ្គបន្ទាប់។
តែដើម្បីឈានទៅសម្រេចគោលដៅមួយនេះ ក្រុមជម្រើសជាតិកម្ពុជាគឺត្រូវការគាំទ្រ និងការជំរុញទឹកចិត្តពីសំណាក់បងប្រជាពលរដ្ឋ ហើយពួកគេនឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់របស់លោក Keisuke Honda តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពីប្រទេសលីទុយអានី ដែលលោកកំពុងប្រកបអាជីព។ គួរដឹងថា ពានរង្វាន់ AFF Suzuki Cup 2020 គ្រោងប្រកួតពីថ្ងៃទី០៥ ខែធ្នូដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ប៉ុន្ដែបេក្ខភាពម្ចាស់ផ្ទះនៅមិនទាន់សម្រេចនោះទេ ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នឹងរៀបចំកិច្ចប្រជុំថ្ងៃនេះ ដើម្បីសម្រេចផ្ដល់សិទ្ធឲ្យប្រទេសណាមួយ ក្នុងចំណោមបេក្ខភាពដែលបានដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា