ហុកគី៖ សហព័ន្ធកីឡាហុកគីកម្ពុជា ចុងសប្តាហ៍កន្លងទៅបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហុកគីកម្រិត១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាមចូលរួមសរុប ២៥នាក់មកពីសមាគម-ក្លិប ៩រាជធានី-ខេត្ត។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា។ វគ្គនេះមានរយៈពេល ១សប្ដាហ៍ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលបង្រៀនដោយគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាហុកគីអន្ដរជាតិលោក Tahir Zaman។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះគឺជាវគ្គដ៏សំខាន់សម្រាប់គ្រូបង្វឹក ដើម្បីធ្វើការដុះខាត់ជំនាញឲ្យបានច្បាស់លាស់ សម្រាប់យកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ពិសេសក្នុងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីហុកគីកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដ្បិតកីឡាហុកគីក៏មានឈ្មោះក្នុងបញ្ជីកីឡាត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ។ ដោយហេតុនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបានធ្វើការលើកទឹកចិត្ត និងជំរុញឲ្យសិក្ខាកាមត្រូវខិតខំប្រឹងសិក្សា និងចាប់យកជំនាញឲ្យបានគត់មុតជាមួយគ្រូឧទ្ទេស ដើម្បីក្លាយជាគ្រូបង្វឹកដែលមានចំណេះដឹងពិប្រាកដ ស្ទាត់ជំនាញ និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត និងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គនេះនឹងសិក្សាលើមេរៀនសំខាន់ៗមួយចំនួន ដោយផ្ដើមពីតួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារធាតុហាមឃាត់ បទបញ្ជាការប្រកួត និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី។ លោករំពឹងថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយបង្កើនសមត្ថភាពគ្រូមួយកម្រិតទៀត ដើម្បីឲ្យស្របផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធក្នុងដំណើរត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា អគ្គលេខាធិការសហព័ន្ធដដែលក៏បានថ្លែងអំណរគុណដល់អង្គការសាមគ្គីអូឡាំពិក សហព័ន្ធកីឡាហុកគីអន្ដរជាតិ សហព័ន្ធកីឡាហុកគីអាស៊ី ពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានខិតខំ និងជំរុញឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហុកគីកម្ពុជាបន្ថែមទៀត៕
អត្ថបទ៖ លី ឈុនឡា