វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដោយប្រើពេលសាងសង់ប្រមាណ១៥ខែ។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។

ស្ថាបត្យករបានរចនានូវវិមានមួយក្នុងទិដ្ឋភាព បដិរូបកម្ម ដោយការនាំយកទស្សនៈធម្មនុញ្ញនិយម មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យ កម្មដ៏កម្រមួយ ក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប និង២៖ ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
រូបភាព ពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់







