ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កំពុងអំពាវនាវឱ្យមេដឹកនាំពិភពលោកបំពេញកាតព្វកិច្ចការពារជនភៀសខ្លួន និងជនអន្តោប្រវេសន៍។ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi បាននិយាយនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ដោយលោកបានកត់សម្គាល់ថា ការកើនឡើងឥតឈប់ឈរនៃចំនួនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ នៅជុំវិញពិភពលោក បច្ចុប្បន្ននេះបានឈានដល់១២០លាននាក់។

លោក បានលើកឡើងពីជម្លោះនៅអ៊ុយក្រែន នៅតំបន់ហ្កាហ្សា នៅប្រទេសស៊ូដង់ និងភាពវឹកវរនៅប្រទេសវ៉េណេស៊ុយអេឡា។
លោក Grandi បាននិយាយថា «នៅពេលដែលអ្នកសំឡឹងមើលជុំវិញទីនេះក្នុងទីក្រុងញូវយ៉ក នៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងជុំវិញបញ្ហាសន្តិភាព និងសន្តិសុខ អ្នកអាចមើលឃើញថាអនាគត មើលទៅមិនល្អប្រសើរនោះទេ។ លោកបានបង្ហាញអារម្មណ៍នៃវិបត្តិអំពីការពិតដែលថាពាក្យសម្តី និងសកម្មភាពរើសអើង បង្ហាញកាន់តែច្បាស់នៅក្នុងសហរដ្ឋអាមេរិក ដែលបាននាំឲ្យពិភពលោក ទទួលយកជនភៀសខ្លួន និងជនអន្តោប្រវេសន៍។
អតីតប្រធានាធិបតី លោក Donald Trump ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បានអះអាងថា អ្នកដែលបានធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក កំពុងទទួលទានសត្វចិញ្ចឹមដូចជាសត្វសុនខ និងសត្វឆ្មារបស់ពលរដ្ឋអាមេរិក។ លោក Grandi បាននិយាយថា «ខ្ញុំគិតថាវាជាការប្រមាថដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន»។
លោកនិយាយថា អ្វីដែលចាំបាច់ត្រូវសម្រេចបាន នៅពេលដែលមានជនបរទេសច្រើនក្នុងសហគមន៍ គឺត្រូវរកវិធីល្អៗដើម្បីធ្វើសមាហរណកម្មពួកគេ។ វាជាកាតព្វកិច្ចរបស់មេដឹកនាំពិភពលោក ក្នុងការទទួល និងការពារជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ពីស្ថានភាពដ៏លំបាកនៅក្នុងប្រទេសរបស់ពួកគេ ដូច្នេះពួកគេអាចក្លាយជាប្រយោជន៍សម្រាប់សហគមន៍។