អ្នកនយោបាយឆ្វេងនិយម លោក អនុរ៉ា គុម៉ារ៉ា ឌីស្សាណាយ៉ាកេ (Anura Kumara Dissanayake) បានស្បថចូលកាន់តំណែងធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា នៅព្រឹកថ្ងៃចន្ទ (២៣ កញ្ញា) នេះ បន្ទាប់ពីលោកត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានី កូឡុំបូ (Colombo)។
លោកបាននិយាយថា លោកយល់ពីភាពស្មុគស្មាញនៃបញ្ហាដែលស្រីលង្កា កំពុងប្រឈម ហើយនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្តីសង្ឃឹម និងទំនុកចិត្តពីប្រជាជនស្រីលង្កាទាំងអស់។ លោក ឌីស្សាណាយ៉ាកេ បាននិយាយបន្ទាប់ពីពិធីស្បថកាន់តំណែងថា៖ «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្ដារទំនុកចិត្តរបស់ប្រជាជនឡើងវិញចំពោះអ្នកនយោបាយ»។
មេដឹកនាំគណបក្សរណសិរ្សរំដោះប្រជាជន (JVP) វ័យ ៥៥ឆ្នាំរូបនេះ និងសម្ព័ន្ធភាពនៃបក្ស អំណាចប្រជាជនជាតិ (NPP) បានឈ្នះតំណែងប្រធានាធិបតី ជាមួយនឹងសម្លេងគាំទ្រ ៤២,៣១ភាគរយ នេះបើយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសស្រីលង្កា។
លោក ឌីស្សាណាយ៉ាកេ បានឈរឈ្មោះបោះឆ្នោតដោយសន្យាដោះស្រាយអំពើពុករលួយ និងបោសសម្អាតនយោបាយនៅក្នុងប្រទេសកោះអាស៊ីខាងត្បូងមួយនេះ។ ការបោះឆ្នោតនេះគឺជាលើកទីមួយហើយចាប់តាំងពីការតវ៉ាទ្រង់ទ្រាយធំ ដែលបានបង្ខំឱ្យលោកអតីតប្រធានាធិបតី ហ្គោតាប៉ាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចេញពីតំណែង ស្របពេលមានការដួលរលំសេដ្ឋកិច្ចនៅឆ្នាំ២០២២៕


