លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងពិចារណាលើផែនការបង្ខំជនស៊ីវិលប៉ាឡេស្ទីនទាំងអស់ចាកចេញពីភាគខាងជើងដែនដីហ្កាហ្សា រួមទាំងទីក្រុងហ្កាហ្សា ដើម្បីឡោមព័ទ្ធក្រុមហាម៉ាស និងបង្ខំឱ្យដោះលែងចំណាប់ខ្មាំង។
គេមិនច្បាស់ទេថាតើមានជនជាតិប៉ាឡេស្ទីនប៉ុន្មាននាក់ នៅភាគខាងជើងនៃច្រករបៀងណេតហ្សារឹម (Netzarim) ដែលខណ្ឌចែកតំបន់ហ្កាហ្សាជាពីរ ប៉ុន្តែការប៉ាន់ប្រមាណបានឈានដល់រាប់ម៉ឺននាក់។ ផែនការនេះពុំបានបញ្ជាក់ថាតើជនស៊ីវិលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើងនៅពេលណា ឬដោយរបៀបណានោះទេ។

បន្ទាប់ពីសង្គ្រាមជិតមួយឆ្នាំ ដោយគ្មានការបន្ធូរដៃលើតំបន់ហ្កាហ្សាពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ជនជាតិប៉ាឡេស្ទីនកាន់តែមានឆន្ទៈ មិនស្តាប់តាមការទាមទាររបស់អ៊ីស្រាអែលក្នុងការផ្លាស់ប្តូរទីតាំង។

គំនិតនេះបានកើតចេញពីក្រុមឧត្តមសេនីយយោធាអ៊ីស្រាអែលចូលនិវត្តន៍ ដែលបានបង្ហាញជាផ្លូវការដល់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល និងគណៈកម្មាធិការសភាដ៏មានឥទ្ធិពល។ ពួកគេនិយាយថា គោលដៅគឺប្រើប្រាស់យុទ្ធសាស្ត្រឡោមព័ទ្ធ ដើម្បីបង្អត់អាហារដល់យុទ្ធជនហាម៉ាស និងបង្ខំពួកគេឱ្យដោះលែងចំណាប់ខ្មាំងចំនួន ១០១ នាក់ដែលនៅតែត្រូវបានឃុំខ្លួនក្នុងដែនដីនេះ៕