កំពត៖ អភិបាលខេត្តកំពតប្រាប់ដល់មន្ត្រីជំនាញ និងពាក់ព័ន្ធ រួមទាំងអាជ្ញាធរអាជ្ញាធរគត្រូវហាមឃាត់រាល់ការសាងសង់លំនៅឋានឬសំណង់ទាំងឡាយណានៅលើដីចំណីផ្លូវ ឬខ្នងប្រឡាយទឹក ឬទំនប់ទឹកកសាធារណៈ ដើម្បីបញ្ចៀសផលប៉ះពាល់ ហើយបង្កភាពងាយស្រួលក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធនៅថ្ងៃក្រោយ។
នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើគម្រោងកែលំអហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងឃុំចំនួន២ គឺឃុំត្រពាំងធំ និងឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពត។
តាមបទបង្ហាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត គម្រោងទី១. គឺការស្ដារប្រឡាយប្រវែង២០០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ គម្រោងទី២. ការសាងសង់ផ្លូវបេតុងទំហំ១២ម៉ែត្រ ប្រវែង១៨៤២ម៉ែត្រក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ។
ឯកឧត្ដមជាវ តាយ អភិបាលខេត្ត បានសម្ដែងការគាំទ្រដល់គម្រោងទាំងពីរខាងលើព្រោះវាជាតម្រូវការចាំបាច់របស់ពលរដ្ឋនៅមូលដ្ឋាននោះ។ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ការអភិវឌ្ឍន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រមែងតែងតែមានផលប៉ះពាល់ដោយជៀសមិនផុត។
ដូច្នេះ ឯកឧត្ដមអភិបាលខេត្តក៏បានស្នើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្ដល់ជាយោបល់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការស្ដារ និងកសាងប្រព័ន្ធប្រឡាយទឹក និងផ្លូវបេតុង ក្នុងគម្រោងទាំងពីរខាងលើនេះ ឲ្យទទួលបានលទ្ធផលជោគជ័យ។
ឯកឧត្ដម ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញនិងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ហាមឃាត់រាល់ការសាងសង់លំនៅឋាន ឬសំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋនៅលើដីចំណីផ្លូវ ដីខ្នងប្រឡាយ ឬដីទំនប់ទឹក នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជៀសវាងការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងពិបាកធ្វើការដោះស្រាយផលប៉ះពាល់នៅពេលមានគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៅថ្ងៃក្រោយនោះ៕
