យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីថ្ងៃអាទិត្យ បានចេញក្រឹត្យមួយ ដែលផ្តល់ការលើកលែងទោសជាទូទៅ សម្រាប់ទាហានរត់ចោលជួរ និងអ្នកទាំងឡាយណាដែលត្រូវបានចោទប្រកាន់ឬជាប់ពន្ធនាគារ សម្រាប់បទល្មើសស្រាល។

ក្រឹត្យនេះ ផ្តល់ការលើកលែងទោសពេញលេញដល់អ្នកដែលត្រូវបានកាត់ទោសពីបទប៉បង់ចោលជួរទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស ក្រោមក្រមព្រហ្មទណ្ឌយោធារបស់ប្រទេសស៊ីរី។ ទោះជាយ៉ាងណា ក្រិត្យចែងថាអ្នករត់គេចខ្លួនពីតុលាការ ឬអ្នកដែលលាក់ខ្លួន នឹងមិនទទួលបានអត្ថប្រយោជន៍ពីការលើកលែងទោសឡើយ លុះត្រាតែពួកគេប្រគល់ខ្លួនក្នុងរយៈពេល៣ខែ សម្រាប់ករណីបោះបង់ចោលជួរនៅក្នុងប្រទេស និង៤ខែសម្រាប់ការរត់ចោលជួរទៅក្រៅប្រទេស។

ការលើកលែងទោសនេះ ក៏អនុវត្តចំពោះបទល្មើសស្រាល និងការរំលោភបំពានផងដែរ ដោយមិនរាប់បញ្ចូលបទព្រហ្មទណ្ឌធ្ងន់ធ្ងរដែលប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ និងសន្តិសុខរដ្ឋ ដូចជាការស៊ីសំណូក ទម្រង់ជាក់លាក់នៃការក្លែងបន្លំ ភាពព្រហើនយ៉ាងបំពានជាសាធារណៈ និងប្រភេទជាក់លាក់នៃចោរកម្ម។
បទល្មើសជាក់លាក់ ទាក់ទងនឹងបទប្បញ្ញត្តិសំណង់ បទល្មើសសេដ្ឋកិច្ច ការប្រើប្រាស់សេវាកម្មទំនាក់ទំនងក្លែងបន្លំ និងការបំពានលើការការពារអ្នកប្រើប្រាស់ ក៏ត្រូវបានដកចេញពីការលើកលែងទោសផងដែរ។
ចំពោះបទល្មើសដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការលើកលែងទោសគឺអាស្រ័យលើរបៀបដែលអ្នកប្រព្រឹត្តផ្តល់សំណងដល់ជនរងគ្រោះ។