សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងមិនមើលរំលងសកម្មភាពអរិភាពណាមួយ នៅលើឧបទ្វីបកូរ៉េឡើយ ដោយអះអាងថា ស្ថានភាពសន្តិសុខរបស់ឧបទ្វីបកូរ៉េ កំពុងឈានទៅរក«កម្រិតកាន់តែគ្រោះថ្នាក់»។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ស្រី ចូ សាន់ វ៉េ (Choe Son-hui) បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់វេទិកាស្ត្រីអឺរ៉ុបអាស៊ីលើកទី៤ ដែលធ្វើឡើងនៅទីក្រុង St. Petersburg ថា៖«ថ្មីៗនេះ ស្ថានភាពសន្តិសុខបានក្លាយជាកម្រិតមួយកាន់តែគ្រោះថ្នាក់»។

លោកស្រី ចូ បានអះអាងថា៖«គោលនយោបាយស្វែងរកសម្ព័ន្ធភាព»របស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលធ្វើតាមសហរដ្ឋអាមេរិក បានបង្កឲ្យមានវដ្តដ៏អាក្រក់នៃការកើនឡើងភាពតានតឹង និងការប្រឈមមុខដាក់គ្នា»។
កាលពីថ្ងៃទី ១៣ ខែកញ្ញា ប្រទេសកូរ៉េខាងជើង បានបញ្ចេញជាសាធារណៈនូវកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ជាលើកដំបូង ដោយបង្ហាញរូបភាពមេដឹកនាំគីម ជុងអ៊ុន អំពាវនាវឲ្យមានការបង្កើនអាវុធនុយក្លេអ៊ែររបស់រដ្ឋ។
ចំណែកសហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។