បាល់ទាត់៖ Barcelona បានបន្ធូរបន្ថយសំពាធរបស់អ្នកចាត់ការដែលអវត្តមាន Ronald Koeman ក្រោយយកឈ្នះ Levante ៣-០ ឡើងមកឈរលេខ៦ ក្នុងតារាងក្របខណ្ឌអេស្ប៉ាញ La Liga។ បាល់ ១១ម៉ែត្ររបស់ Memphis Depay នៅនាទីទី៦ បានបើកការនាំមុខឱ្យ Barcelona នាំមុខបន្ទាប់ពីកំហុសរបស់ Nemanja Radoja។

ក្រោយមកមិត្តរួមជាតិហូឡង់ Luuk de Jong ក៏បន្ថែមការនាំមុខឱ្យ Barcelona ២-០ នៅនាទីទី១៤ ដែលជាគ្រាប់ដំបូងតាំងពីផ្លាស់ពី Sevilla ក្នុងការកិច្ចសន្យាខ្ចី។ កីឡាករបម្រុង Ansu Fati ដែលទើបជាពីរបួសនោះក៏សំរេចគ្រាប់ចុងក្រោយឱ្យ Barcelona នៅនាទីទី៩០+១។ ការប្រកួតនេះមិនមានវត្តមានរបស់អ្នកចាត់ការ Ronald Koeman ឡើយដោយជាប់ពិន័យ ២ប្រកួតបន្ទាប់ពីការប៉ះទង្គិចចម្រូងចម្រាសក្នុងការប្រកួតដែល Barcelona ស្មើ Cadiz កាលពីពាក់កណ្តាលសប្តាហ៍។

ជ័យជំនះនេះធ្វើឱ្យ Barcelona លើងមកឈរលេខ៦ មាន ១២ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃ។ Real Madrid បន្តការនាំមុខគេដដែលមាន ១៧ពិន្ទុបន្ទាប់ពីស្មើ Villarreal ០-០ ក្នុងដីខ្លួនឯងកាលពីថ្ងៃសៅរ៍ ខណៈ Real Sociedad ឈរលេខ២ មាន ១៦ពិន្ទុក្រោយយកឈ្នះ Elche ១-០៕
អត្ថបទ៖នាង សុភាវុធ