កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានចោទប្រកាន់រុស្ស៊ីថា បានធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ស្របពេលមានទឹកជំនន់ដ៏ធំបំផុត នៅតំបន់ភាគខាងត្បូង និងភាគខាងលិចនៃប្រទេសនេះ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ពុំមានភ័ស្តុតាងណាមួយ ត្រូវបានបង្ហាញទេ។

កងកម្លាំងការពារតាមអ៊ីនធឺណិតរបស់ប៉ូឡូញ បាននិយាយនៅលើទំព័រ X របស់ខ្លួនថា៖«ទាក់ទងនឹងទឹកជំនន់ នៅភាគនិរតីប៉ូឡូញ យើងកំពុងដោះស្រាយជាមួយនឹងប្រតិបត្តិការព័ត៌មានចិត្តសាស្ត្ររបស់សហព័ន្ធរុស្ស៊ី» ។ តាមការសង្ស័យ ទីក្រុងមូស្គូ «ព្យាយាមធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តលើរចនាសម្ព័ន្ធសន្តិសុខរដ្ឋរបស់ប្រទេស[ប៉ូឡូញ]»។

ទឹកជំនន់ដ៏ធំបែបនេះ បានកើតឡើង ដោយសារកម្ពស់ទឹកកើនឡើងភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមនគរបាល មនុស្ស ៧នាក់ បានស្លាប់ និងជាង ៦.000នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទឹកជំនន់។ ទាហានប្រហែល ២៦,000នាក់ ជួយអ្នកជួយសង្គ្រោះ និងអ្នកពន្លត់អគ្គិភ័យ។ សាលារៀនប្រហែល ៤០០ នៅតែបិទ នៅក្នុងតំបន់ចំនួន៤។ ទឹកជំនន់នេះ ត្រូវបានគេនិយាយថា អាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៩៧ មក។