ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នេះ បានប្រាប់ថា ខ្លួននឹងចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ ប្រសិនបើនរណាម្នាក់ត្រូវបានសម្លាប់ ដោយសារបាឡុងផ្ទុកសំរាមដែលត្រូវបានបង្ហោះជាបន្តបន្ទាប់ឆ្លងកាត់ព្រំដែន ដោយកូរ៉េខាងជើង។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនបាឡុងផ្ទុកសំរាមជាង ៥.៥០០បាឡុង តាំងពីខែឧសភាមក ដោយបានរំខានដល់ជើងហោះហើរ បណ្តាលឲ្យមានអគ្កីភ័យ និងសូម្បីតែធ្លាក់ត្រូវចំអគាររដ្ឋាភិបាល នៅកូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងនិយាយថា យុទ្ធសាស្ត្រនេះ គឺជាការឆ្លើយតប ចំពោះសកម្មជននៅកូរ៉េខាងត្បូង ដែលបញ្ជូនបាឡុងមានការឃោសនាទៅកូរ៉េខាងជើង។
អគ្គសេនាធិការចម្រុះ លោក Lee Sung-joon បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងសេអ៊ូល «នឹងចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ ប្រសិនបើបាឡុងផ្ទុកពេញដោយសំរាមរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសុវត្ថិភាពធ្ងន់ធ្ងរ ឬត្រូវបានគេចាត់ទុកថា បានឆ្លងកាត់ខ្សែបន្ទាត់»។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលវិធានការ «ម៉ឺងម៉ាត់» នឹងរួមបញ្ចូលនោះ លោកបានបន្ថែមថា ខ្សែបន្ទាត់នេះ នឹងត្រូវបានឆ្លងកាត់ ប្រសិនបើអ្នកណាម្នាក់បានស្លាប់ដោយសារបាឡុងទាំងនោះ។
ភាគច្រើននៃបាឡុងដែលបង្ហោះដោយកូរ៉េខាងជើង មានថង់ក្រដាស់ភ្ជាប់មកជាមួយ ដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាពជាក់លាក់ណាមួយឡើយ ប៉ុន្តែការព្រួយបារម្ភត្រូវបានលើកឡើង បន្ទាប់ពីឧបករណ៍ថ្មីដែលភ្ជាប់មកជាមួយ បណ្តាលឲ្យមានអគ្គិភ័យ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕


