ក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នេះ បាននិយាយថា ក្រុមចោរព័ត៌មានវិទ្យាគាំទ្រដោយយោធារបស់កោះតៃវ៉ាន់ដែលមានឈ្មោះថា Anonymous 64 បាន និងកំពុងធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងគោលដៅនានា នៅក្នុងប្រទេសចិន ដោយជំរុញឲ្យពលរដ្ឋរាយការណ៍ពី «វិឆ្ឆេទកម្មប្រឆាំងការនឹងការឃោសនា»។
ស្ថាប័នការពារជាតិរបស់កោះតៃវ៉ាន់ បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ចិន គឺជាអ្នករំខានពិតប្រាកដនៃសន្តិភាព តាមរយៈការវាយប្រហារតាមអ៊ីនធឺណិត និងការយាយីដោយយោធា។
នៅក្នុងការបង្ហោះតាមប្លុករបស់ខ្លួន ក្រសួងសន្តិសុខជាតិបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំនេះ ក្រុមឈ្មោះ Anonymous 64 ដែលក្រសួងសន្តិសុខជាតិរបស់ចិន បាននិយាយថា ជាកម្មសិទ្ធិរបស់អង្គភាពបង្កសង្គ្រាមតាមអ៊ីនធឺណិតរបស់កោះតៃវ៉ាន់ បានព្យាយាមបង្ហោះ និងផ្សាយ «ខ្លឹមសារដែលប្រមាថដល់ប្រព័ន្ធនយោបាយ និងគោលនយោបាយសំខាន់ៗរបស់ចិនដីគោក» នៅលើគេហទំព័រ ស្គ្រីន (អេក្រង់) បញ្ចាំងហាលវាល និងបណ្ដាញទូរទស្សន៍នានា។
កោះតៃវ៉ាន់តែងតែចោទក្រុមចិនថា ចង់ផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត ឬធ្វើការវាយប្រហារតាមអ៊ីនធឺណិត នៅទូទាំងកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ ប្រទេសចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីបញ្ជាក់ដល់ការអះអាងរបស់ខ្លួន៕