ឧត្ដរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់អភិបាលរងខេត្តឧត្ដរមានជ័យ ដែលទើបតែតែងតាំងថ្មី ត្រូវចេះសហការការងារជាថ្លុងមួយ សាមគ្គីផ្ទៃក្នុងឲ្យបានល្អ និងបម្រើការងារផ្តល់សេវានានាជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍បែបនេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសចូលរួមប្រកាសមុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ ។ ក្នុងនោះសម្រេចតែងតាំងមុខតំណែងលោក ស៊ឹម វុទ្ធា ជាអភិបាលរងខេត្តឧត្តរមានជ័យ ជំនួសលោក ឌី រ៉ាដូ ដែលត្រូវផ្លាស់ប្តូរទៅកាន់ជាអភិបាលរងខេត្តសៀមរាប ។
ឯកឧត្តម ប៊ុន ហុន បានណែនាំបន្ថែមទៀតថា រដ្ឋបាលខេត្តត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្សព្វផ្សាយពាក់ព័ន្ធ និងបញ្ហាប្រឈមនានាក្នុងសង្គម ពិសេសរឿងបញ្ហាសង្គម និងបក្សពួកបំពុលសង្គមមួយចំនួននៅឯក្រៅប្រទេស ត្រូវទប់ស្កាត់សកម្មភាពទាំងអស់នេះ ខានតែបាន ព្រោះយើងគ្រប់គ្នាត្រូវការសន្តិភាព។ យ៉ាងណាម៉ិញបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវគ្រប់គ្រងបង្រ្កាបឲ្យខានតែបាន បទល្មើសឆ្លងដែននានា ការលេងល្បែងស៊ីសង បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងអាវុធជាតិផ្ទុះទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសង្គមមានសុខសុវត្ថិភាពជូនពលរដ្ឋប្រកបដោយភាពកក់ក្តៅផងដែរ៕



