មនុស្សជាង ១.៥០០នាក់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ត្រូវបានបង្ខំឲ្យជម្លៀសចេញ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ថ្ងៃ ខណៈដែលភ្លៀងធ្លាក់យ៉ាងខ្លាំងនោះ បានបង្កឲ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ។
ភ្លៀងធ្លាក់ដ៏ខ្លាំងនេះ ដែលបានកើតមានតាំងពីរសៀលថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែកញ្ញា បានចាប់ផ្តើមពីកោះ Jeju និងតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង មុនពេលរីករាលដាលពាសពេញប្រទេស។
នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង និងខាងលិច ភ្លៀងបានធ្លាក់ក្នុងកម្រិតប្រហែល ១០០មីលីម៉ែត្រ ក្នុង ១ម៉ោង ខណៈដែលបណ្ដាតំបន់ភាគខាងត្បូង និងភាគខាងជើង និងខាងត្បូងខេត្ត Chungcheong មានភ្លៀងធ្លាក់កម្រិតពី ៥០ ទៅ ៨០មីលីម៉ែត្រក្នុងមួយម៉ោង។ តំបន់ឆ្នេរភាគខាងជើង និងខាងត្បូងនៃខេត្ត Gyeongsang និងតំបន់ភ្នំរបស់កោះ Jeju បានកត់ត្រាកម្រិតទឹកភ្លៀងអតិបរមាលើសពី ៥០០មីលីម៉ែត្រ។ តំបន់ភាគខាងត្បូង កោះ Jeju ខេត្ត Chungcheong និងខេត្ត Gangwon ភាគខាងកើត មានភ្លៀងធ្លាក់កម្រិតពី ២០០ ទៅ ៣០០មីលីម៉ែត្រ ដោយតំបន់ជាច្រើនឈានដល់កម្រិតធ្ងន់ធ្ងរខ្ពស់បំផុត។
យោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញា មនុស្សចំនួន ១.៥០១នាក់ មកពី ១.០១៤គ្រួសារ នៅក្នុងទីក្រុងចំនួន ៧ និងតំបន់ចំនួន ៦៦ ត្រូវបានជម្លៀសចេញ។
មិនមានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសទេ ប៉ុន្តែមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទូទាំងប្រទេស។ ដោយសារអាកាសធាតុកាន់តែអាក្រក់ទៅៗ នាវាដឹកអ្នកដំណើរចំនួន ៧៧គ្រឿង ត្រូវជាប់គាំង នៅលើផ្លូវសមុទ្រចំនួន ៥៥ខ្សែ ហើយជើងហោះហើរចំនួន ១៦វ៉ុល ត្រូវបានលុបចោលត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញា៕