អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នឹងពិភាក្សាអំពីការចាក់សម្លាប់សិស្សសាលា ជាមួយទីក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នេះ។ នេះបើយោងតាមក្រសួងការបរទេសរបស់ទីក្រុងតូក្យូ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (ទី២២ ខែកញ្ញា) ក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshifumi Tsuge នឹងធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង «ដើម្បីដោះស្រាយករណីស្លាប់របស់កុមារ នៅសាលាជប៉ុន ក្នុងទីក្រុង Shenzhen» ។
បន្ទាប់ពីមានការវាយប្រហារកាលពីសប្តាហ៍មុន នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន លោកនាយករដ្ឋមន្ត្រី Fumio Kishida បានទាមទារឲ្យមានការពន្យល់ និងជំរុញឲ្យប្រទេសចិនធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន។ ទីក្រុងប៉េកាំង បានសម្តែង «ការសោកស្ដាយ និងសោកសៅ» ចំពោះអ្វីដែលខ្លួនហៅថា ឧបទ្ទវហេតុមួយ ដែល «អាចកើតមានឡើងនៅក្នុងប្រទេសណាមួយ»។
យោងតាមសារព័ត៌មានទូរទស្សន៍រដ្ឋ NHK បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ក៏កំពុងរៀបចំឲ្យជួបសមភាគីចិន នៅទីក្រុងញូវយ៉ក ខណៈពេលដែលឥស្សរជនទាំង២ កំពុងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា ក្មេងប្រុសនេះ ជាជនជាតិជប៉ុនអាយុ ១០ឆ្នាំ រស់នៅក្នុងទីក្រុង Shenzhen ខណៈពេលដែលក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បាននិយាយថា ឪពុកម្តាយរបស់គេ គឺជាពលរដ្ឋជប៉ុន និងចិនទីទៃពីគ្នា។ នគរបាលឃាត់ខ្លួនបុរសវ័យ ៤៤ឆ្នាំម្នាក់ ដោយសង្ស័យថា បានចាក់សម្លាប់កុមាររងគ្រោះ៕