ក្រសួងការបរទេសឥណ្ឌា បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី( Narendra Modi) បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ឥណ្ឌាសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងពេលជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) នៅទីក្រុងញូវយ៉ក។
ក្រសួងបានបន្ថែមថា៖«លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់លោកចំពោះវិបត្តិមនុស្សធម៌ ដែលកើតឡើងនៅតំបន់ហ្កាហ្សា ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនក្នុងតំបន់ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ឥណ្ឌាសម្រាប់ប្រជាជនប៉ាឡេស្ទីន រួមទាំងការបន្តជំនួយមនុស្សធម៌»។

លោក ម៉ូឌី បានបញ្ជាក់ជាថ្មីថា៖«ជំហរសំខាន់របស់ឥណ្ឌាលើបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន» ហើយបានអំពាវនាវឲ្យ៦មានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរ និងឲ្យវិលត្រឡប់ទៅរកការសន្ទនា និងការទូតវិញ។ លោកបានកត់សម្គាល់ថា ឥណ្ឌាជារដ្ឋដំបូងគេមួយដែលទទួលស្គាល់ប៉ាឡេស្ទីន ហើយបានបញ្ជាក់ជាថ្មីថា ឥណ្ឌាគាំទ្រប៉ាឡេស្ទីនឲ្យចូលជាសមាជិករបស់UN។
ក្រសួងការបរទេស បានបន្តថា៖«មេដឹកនាំទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងប៉ាឡេស្ទីន»។