លោក John Kirby គឺជាអ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន និយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលពីការបើកសមរភូមិមុខទី ២ជាមួយលីបង់ ក្រោយការវាយប្រហារពុំធ្លាប់ដែលមានពីមុនមកលើក្រុមហេសប៊ូឡា កាលពីសប្តាហ៍មុន ពេលដែលវិទ្យុទាក់ទង និងឧបករណ៍ Pager ប្រើប្រាស់ដោយសមាជិករបស់ពួកគេ បានផ្ទុះសម្លាប់មនុស្ស ៣៧នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត រងរបួស ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ អំឡុងការវាយប្រហារតាមច្រកអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុង Beirut ។
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC លោក Kirby និយាយថា ការកើនឡើងជម្លោះយោធានេះ មិនមែនជាផលប្រយោជន៍ល្អបំផុតរបស់ពួកគេឡើយ ។ ច្បាស់ណាស់ថា វាមិនមែនជាផលប្រយោជន៍ល្អបំផុតរបស់ពួកគេសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះ ដែលលោកនាយករដ្ឋមន្រ្តី Minister Netanyahu និយាយថា លោកចង់បញ្ជូនពួកគេវិលត្រឡប់ទៅផ្ទះវិញ ។
ការវាយប្រហារកាលពីសប្តាហ៍មុនលើសមាជិកក្រុមហេសប៊ូឡា ត្រូវបានគេជឿថា ត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល បើទោះបីជាប្រទេសមួយនេះ ពុំបានបញ្ជាក់ថាបាននៅក្រោយ ឬច្រានចោលកាជាប់ពាក់ព័ន្ធរបស់ពួកគេក៏ដោយ ។
យោងតាមប្រភពព័ត៌មាន និងក្រុមមន្រ្តីដែលដឹងច្បាស់ពីបញ្ហានេះ បានឲ្យដឹងថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក ពុំបានបោះបង់ចោលក្តីសង្ឃឹមនៃការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ថ្នូរនោះឡើយ ប៉ុន្តែពួកគេមានទុទិដ្ឋិនិយមកាន់តែខ្លាំងឡើងថា ការទម្លុះភាពទាល់ច្រក ពុំអាចកើតក្នុងពេលដ៏ឆាប់ៗខាងមុខនេះបានឡើយ ៕