ប្រណាំងរថយន្ត៖ ជើងឯកប្រណាំង F1 ពិភពលោក ៧សម័យ Lewis Hamilton បានប្រជែងឈ្នះការប្រកួតនៅប្រទេសរុស្ស៊ីដែលជាជ័យជំនះសរុបចំនួន ១០០ទីលានក្នុងអាជីពរបស់គេ។ កីឡាករអង់គ្លេសរូបនេះរួមជាមួយនឹងគូប្រជែង Max Verstappen មិនស្ថិតនៅជួរមុខគេឡើយនៅពេលចេញដំណើរ ខណៈកត្តាអាកាសធាតុដែលមានភ្លៀងធ្លាក់នៅ ៥ជុំចុងក្រោយធ្វើឱ្យ Hamilton ឆក់យកជ័យជំនះនេះ។

ចាប់ផ្តើមដំបូង Lando Norris របស់ក្រុម McLaren ចេញដំណើរមុខគេ តែកីឡាករអេស្ប៉ាញ Carlos Sainz ក៏វ៉ាផុត និងនាំមុខគេវិញ។ បន្ទាប់ពីមានការប្រជែងគ្នាខ្លាំង Lando Norris ក៏ឡើងមកនាំមុខគេវិញ ស្របពេល Lewis Hamilton បានដេញពីក្រោយរហូតដល់លេខ២ ប្រដេញពីក្រោយ Lando Norris ប្រកៀកប្រកិត។ ការព្យាករណ៍អាកាសធាតុថា មានភ្លៀងធ្លាក់នោះ Hamilton ក៏ចូល Pit Stop ផ្លាស់ប្តូរកង់បណ្តោយឱ្យ Norris បន្តការនាំមុខ។
លុះពេលភ្លៀងធ្លាក់ខ្លាំង Lando Norris ដែលមិនទាន់ផ្លាស់កង់នោះក៏រអិលចេញពីផ្លូវបណ្តាលឱ្យ Hamilton ឡើងមកនាំមុខវិញជាមួយ Max Verstappen លេខ២ រហូតដល់ទីព្រ័ត្រ ខណៈកីឡាកររបស់ Ferrari, Carlos Sainz បានលេខ៣។ ជ័យជំនះទីលានទី ១០០ ក្នុងអាជីពរបស់ Hamilton នេះធ្វើឱ្យគេឡើងមកនាំមុខគេក្នុងតារាងជើងឯកពិភពលោកវិញដោយនាំមុខគូប្រជែង Max Verstappen របស់ក្រុម Red Bull ចំនួន ២ពិន្ទុ។ បន្ទាប់ពីរុស្ស៊ីនេះ F1 នឹងបន្តដំណើរទៅទឹកដីទួរគីថ្ងៃទី១០ ខែតុលា៕
អត្ថបទ៖នាង សុភាវុធ