ប្រទេសចិនបានជំរុញពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែលឲ្យចាកចេញ «ឲ្យបានឆាប់តាមដែលអាច» ក្នុងខណៈពេលដែលភាពតានតឹង រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា គាំទ្រដោយអ៊ីរ៉ង់របស់ប្រទេសលីបង់ កើនឡើងកាន់តែខ្លាំងទៅៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី២២ ខែកញ្ញា) ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែល បានឲ្យដឹងថា៖ «បច្ចុប្បន្នស្ថានភាព នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មានភាពតានតឹងខ្លាំង ដោយមានជម្លោះយោធាជាញឹកញាប់»។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ "ស្ថានភាពសន្តិសុខ ក្នុងប្រទេសអ៊ីស្រាអែល នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន»។
ស្ថានទូតបានជំរុញពលរដ្ឋចិនរស់នៅក្នុងប្រទេសអ៊ីស្រាអែលឲ្យ «ត្រឡប់ទៅប្រទេសកំណើតវិញ ឬផ្លាស់ទៅកាន់តំបន់សុវត្ថិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
កាលពីថ្ងៃទី២២ ខែកញ្ញា អ៊ីស្រាអែល និងក្រុមហេសបូឡា បានគំរាមបង្កើនការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឲ្យភាគីទាំង២ បន្ធូរបន្ថយភាពតានតឹង ដើម្បីចៀសវាងពីការមានសង្គ្រាមទ្រង់ទ្រាយធំក៏ដោយ៕