ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជិនពីង) នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នេះ បានលើកឡើងថា លោកសង្ឃឹមថា នឹងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសស្រីលង្កា ខណៈដែលលោកបានអបអរសាទរមេដឹកនាំថ្មីរបស់ប្រទេសកោះមួយនេះ គឺលោក Anura Kumara Dissanayake ក្នុងពិធីឡើងកាន់តំណែងរបស់លោក។
លោក Dissanayake ដែលប្រកាសខ្លួនឯងថា ជាអ្នកប្រកាន់លទ្ធិម៉ាក្សនិយម បានស្បថចូលកាន់តំណែង នៅលេខាធិការដ្ឋានប្រធានាធិបតីក្នុងទីក្រុង Colombo (កូឡុំបូ) នៅថ្ងៃទី២៣ ខែកញ្ញានេះ ដោយលោកបានប្តេជ្ញាថា នឹងស្តារឲ្យមានការជឿជាក់សាធារណៈលើអ្នកនយោបាយឡើងវិញ។
គួរបញ្ជាក់ថា ប្រទេសនេះកំពុងងើបចេញពីការដួលរលំសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ ដែលត្រូវបានស្តីបន្ទោសមួយផ្នែកទៅលើការលំបាកទប់ទល់បំណុលខ្ពស់ក្នុងគម្រោងធំៗដែលជំពាក់ចិន ដែលត្រូវបានសម្របសម្រួលតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលជាសសរស្តម្ភដ៏សំខាន់នៃកិច្ចប្រឹងប្រែងរបស់លោក ស៊ី ដើម្បីពង្រីកឥទ្ធិពលរបស់ប្រទេសលោក នៅក្រៅប្រទេស។
បើយោងតាមទូរទស្សន៍ CCTV បានឲ្យដឹងថា នៅក្នុងសារផ្ញើទៅអបអរលោក Dissanayake លោក ស៊ី បានលើកឡើងថា៖ «ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃទំនាក់ទំនងចិន-ស្រីលង្កា ហើយមានឆន្ទៈ ក្នុងការធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបន្តទំនាក់ទំនងមិត្តភាពប្រពៃណីរបស់យើង (និង) លើកកម្ពស់ការជឿទុកចិត្តគ្នាផ្នែកនយោបាយ»។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បានរាយការណ៍បន្ថែមថា លោក ស៊ី បានថ្លែងទៀតថា លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម BRI ដ៏លេចធ្លោរបស់លោក នឹង «ទទួលបានផ្លែផ្កាបន្ថែមទៀត»៕