ក្រុមនគរបាលនិយាយថា គ្រាប់បែកបង្កប់តាមផ្លូវវាយប្រហារក្បួនរថយន្តរបស់ក្រុមមន្រ្តីការទូតបរទេសដែលបំពេញទស្សនកិច្ចតំបន់ភាគពាយ័ព្យប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ បានសម្លាប់មន្រ្តីនគរបាលម្នាក់ និងក្រុមមន្រ្តីនគរបាលជាច្រើននាក់ទៀត បានរងរបួស ។
ទាហាន និងនគរបាលបានរុករកតំបន់នោះ ក្រោយផ្ទុះគ្រាប់បែក និងបានដាក់បំរាមគោចរ ។
លោក Zahidullah Khan គឺជាមន្រ្តីនគរបាលស្រុក Swat និយាយថា ក្រុមមន្រ្តីការទូត បានបំពេញទស្សនកិច្ចទៅកាន់តំបន់ជ្រលងភ្នំ Swat តាមការអញ្ជើញរបស់សភាពាណិជ្ជកម្មក្នុងស្រុក ដើម្បីបង្ហាញពួកគេថាទីនេះ គឺជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ។
លោក Khan និយាយថា ក្រុមមន្រ្តីនគរបាល ៤នាក់ផ្សេងទៀត បានរងរបួស ហើយពួកគេ ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មកទល់នឹងពេលនេះ នៅពុំទាន់មានភាគីណាមួយប្រកាសទទួលស្គាល់នោះឡើយ សម្រាប់ការវាយប្រហារមួយនេះ ដែលត្រូវបានថ្កោលទោសដោយប្រធានាធិបតីប៉ាគីស្ថានលោក Asif Ali Zardari ។
ក្រុមនគរបាល និយាយថា ក្រុមមន្រ្តីការទូតរាប់សិបនាក់ មានសុវត្ថិភាព ហើយពួកគេ បានធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុង Islamabad វិញ ។
សញ្ញាតិរបស់ក្រុមមន្រ្តីការទូតបរទេស ពុំត្រូវបានគេដឹងច្បាស់ភ្លាមៗនោះទេ ហើយអ្នកនាំពាក្យការិយាល័យការបរទេសប៉ាគីស្ថាន ពុំបានឆ្លើយតបភ្លាមៗនោះដែរចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ។
ដោយឡែក កងកម្លាំងប្រឆាំងអំភេរវកម្មប៉ាគីស្ថាន បន្តឈរជើងនៅតំបន់ជ្រលងភ្នំ Swat ដែលជាកន្លែងបណ្តុះបណ្តាលជាយូរមកហើយរបស់ក្រុមបះបោរជីវពលអ៊ីស្លាម ។
ក្រុមជីវពលទាំងនេះ បានបង្កើនការវាយប្រហាររបស់ពួកគេ ចាប់តាំងពីចុងឆ្នាំ ២០២២រហូតមក ក្រោយបំពានបទឈប់បាញ់ជាមួយរដ្ឋាភិបាល ។
ជាក់ស្តែង កាលពីឆ្នាំ ២០១២ ក្រុមជីវពលអ៊ីស្លាម បានបាញ់ឲ្យរបួសម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនាង Malala Yousafzai នៅក្នុងតំបន់ជ្រលងភ្នំមួយនេះ ៕