ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ដោយសារល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា សម្តេចមានសុទិដ្ឋិនិយមថា គោលដៅទេសចរណ៍នៅកម្ពុជា នឹងត្រូវធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិ និងអន្តរជាតិ ឡើងវិញនាពេលឆាប់ៗខាងមុខនេះ ។
យោងតាមសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសអប់អរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២១ក្រោមវិធានបទ«ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន» ដែលបានចេញនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា «យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជានឹងត្រូវបានមើលឃើញថា ពិតជាធានាបាននូវ សុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ។
កត្តានេះរួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការទប់ស្កាត់នឹងការឆ្លងមេរោគកូវីដ១៩ នឹងជំរុញឲ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ដោយ តម្កល់សុខភាពសាធារណៈជាអាទិភាព»។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ស្ថិតនៅក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានាត្រូវផ្តល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការយុទ្ធសាស្រ្ត ក្នុង ការត្រៀមបើកទទួលទេសចរណ៍ាសុវត្ថិភាពនាពេលខាងមុខនេះផងដែរ។
តាមរយៈសាលិខិតនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា បន្ទាប់ពីវិបត្តិកូវីដ១៩ សម្តេចយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺការគិតគូរអំពីសុវត្ថិភាព និងផាសុកភាពនឹងក្លាយជាកត្តាអាទិភាពក្នុងការសម្រេចិត្តជ្រើសរើសគោលដៅធ្វើដំណើរកំសាន្ត។
ក្នុងន័យនេះសម្តេចតេជោ បានលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ«កម្ពុជាសុវត្ថិភាព Cambodia safe» ដើម្បីជាមុំយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិក្នុងដំណាក់កាលនៃការបើកឡើងវិញ និងពេលអនាគតនោះ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា បើទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងក្តី តែកម្ពុជានៅតែស្ថិតក្នុងភាពផុយស្រួយ ហើយយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាល និងសុខាភិបាលតទៅទៀត ដោយសេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗ ទៀតឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវជាដើមនោះ៕
អត្ថបទ ៖ បាន ចក់

