អ្នកស្រុក នៅអគារលំនៅដ្ឋានមួយកន្លែង នៅក្បែរទន្លេ Bekasi ខាងក្រៅទីក្រុងហ្សាការតាតែបន្ដិច បានជួបនូវការភ្ញាក់ផ្អើលដ៏គួរឲ្យស្លុតចិត្តមួយ កាលពីថ្ងៃអាទិត្យ (ទី២២ ខែកញ្ញា) បន្ទាប់ពីពួកគេបានប្រទះឃើញសពមនុស្សចំនួន ៧នាក់អណ្តែត នៅខាងក្រោយវិហារអ៊ិស្លាមមួយ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា សពទាំងនោះត្រូវបានគេជឿថា គឺជាសពក្រុមក្មេងជំទង់ ដែលបានលង់ទឹក ខណៈព្យាយាមរត់គេចពីការចាប់ខ្លួន។
ប្រធានស្តីទីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងតំបន់ (BPBD) របស់ទីក្រុង Bekasi លោក Priadi Santoso បានបញ្ជាក់ថា សេចក្ដីរាយការណ៍ដំបូងពីសពទាំងនោះ ត្រូវបានធ្វើឡើងដោយអ្នកស្រុក នៅម៉ោងប្រហែល ៧ព្រឹក (ម៉ោងក្នុងស្រុក)។ ជនរងគ្រោះត្រូវបានប្រទះឃើញអណ្តែតក្នុងទឹកភក់ ដោយមានស្លាកស្នាមហើមនៅលើមុខ ប៉ុន្តែមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។
យោងតាមទូរទស្សន៍ ក្នុងស្រុក TV One បានឲ្យដឹងថា អ្នកស្រុកឈ្មោះ Mdm Umi Suci កំពុងដើររកសត្វឆ្មារបស់នាងនៅក្បែរៗច្រាំងទន្លេ វេលាម៉ោងប្រហែល ៥:៣០នាទីព្រឹក។ តែជំនួសឲ្យការរកឃើញឆ្មារបស់នាង រូបនាងបែរជាបានប្រទះឃើញសពមនុស្សចំនួន ៥នាក់ អណ្ដែតរាយប៉ាយ នៅសងខាងទន្លេ ដែលនាំឲ្យនាងប្រញាប់ប្រញាល់ជូនដំណឹងជាបន្ទាន់ដល់សហគមន៍ក្នុងតំបន់របស់នាង។ ហើយបន្ទាប់មក ពួកគេបានទាក់ទងអាជ្ញាធរ ដើម្បីសុំជំនួយ។
សព ២នាក់ទៀត ត្រូវបានរកឃើញនៅក្នុងទន្លេដដែលនេះ។ ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទៅផ្នែកក្រោមទន្លែ ចំណែកម្នាក់ទៀតនៅជាប់មាត់ទន្លេចម្ងាយប្រហែល ២០ម៉ែត្រ។ បើតាមសមត្ថកិច្ច ជនរងគ្រោះទាំង ៧នាក់ ពាក់អាវក្រៅពណ៌ខ្មៅដូចគ្នា។ តែទោះយ៉ាងណាក្ដី គេនៅតែមិនច្បាស់ទេថា តើអាវទាំងនោះមានសញ្ញាសម្គាល់ ឬការពាក់ព័ន្ធជាក់លាក់ណាមួយដែរ ឬទេ។ នគរបាលបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។ សពទាំង ៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាល Keramat Jati នៅភាគខាងកើតហ្សាការតា ជាកន្លែងដែលការធ្វើកោសល្យវិច័យ ត្រូវបានកំណត់ពេលវេលា ដើម្បីបញ្ជាក់មូលហេតុពិតប្រាកដនៃការស្លាប់នេះ៕