គ្រូពេទ្យនៅមន្ទីរពេទ្យ Rambam ស្ថិតក្នុងទីក្រុងភាគខាងជើង Haifa របស់អ៊ីស្រាអែល បាននាំអ្នកជំងឺ និងឧបករណ៍វេជ្ជសាស្រ្តទៅកាន់បន្ទប់ក្រោមដី ដោយសារការរគំរាមកំហែងនៃការវាយប្រហារដោយរ៉ុក្កែតរបស់ក្រុមហេសប៊ូឡា ។
ក្រសួងសុខាភិបាលអ៊ីស្រាអែល និយាយថា មន្ទីរពេទ្យនៅតំបន់ភាគខាងជើងអ៊ីស្រាអែល ត្រូវបានណែនាំឲ្យផ្ទេរប្រតិបត្តិការរបស់ពួកគេទៅកាន់តំបន់ដែលមានការការពារបន្ថែមទៀត ពីការវាយប្រហារដោយរ៉ុក្កែត និងមីស៊ីល ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពីជាន់ទី ៣នៃចំណតរថយន្តក្រោមដីនៃមន្ទីរពេទ្យ Rambam លោកប្រធាន Michael Rosenthal និយាយថា និយោជិក ៦.២០០នាក់ ជាប់ពាក់ព័ន្ធនឹងការនាំអ្នកជំងឺ ១ពាន់នាក់ ទៅកាន់បន្ទប់ក្រោមដី ។ លោកថា បន្ទប់ក្រោមដី មានសមត្ថភាពថែទាំអ្នកជំងឺប្រហែល ២.២០០នាក់ ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមហេសប៊ូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃអាទិត្យ ក្នុងនោះយន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតក្នុងជម្លោះរយៈពេលជិត ១ឆ្នាំកន្លងមកនេះ នៅទូទាំងតំបន់ភាគខាងត្បូងលីបង់ ហើយក្រុមហេសប៊ូឡា បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតចូលកាន់តែជ្រៅទៅក្នុងតំបន់ភាគខាងជើងអ៊ីស្រាអែល ។
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារលើគោលដៅប្រហែល ២៩០កន្លែងកាលពីថ្ងៃសៅរ៍ រួមទាំងការបំផ្លាញជើងទម្របាញ់រ៉ុក្កែតរាប់ពាន់គ្រឿងរបស់ក្រុមហេសប៊ូឡា ផងដែរ ៕


