ប្រទេសចិន នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នេះ បានព្រមានសហរដ្ឋអាមេរិកកុំឲ្យចាត់វិធានការ «រៀសអើង» ប្រឆាំងនឹងក្រុមហ៊ុនរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងហាមឃាត់ការលក់យានយន្ត ដែលមានប្រើប្រាស់បច្ចេកវិទ្យារបស់ចិន និងរុស្ស៊ី។
កាលពីថ្ងៃអាទិត្យ (ទី២២ ខែកញ្ញា) ដោយដកស្រង់ប្រភពនានា សារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាច្បាប់ថ្មី ដែលនឹងហាមឃាត់ទាងផ្នែកហាដវែរ (ផ្នែករឹង) និងសូហ្វវែរ (ផ្នែកទន់) ដែលផលិតនៅប្រទេសចិន កុំឲ្យមានក្នុងយានយន្តរបស់ខ្លួន។

នៅពេលត្រូវបានសួរ អំពីសេចក្ដីរាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិន បានជំរុញឲ្យ «សហរដ្ឋអាមេរិកគោរពគោលការណ៍ទីផ្សារ និងផ្តល់នូវបរិយាកាសអាជីវកម្មបើកចំហ យុត្តិធម៌ តម្លាភាព និងមិនរើសអើង សម្រាប់សហគ្រាសចិន»។
លោក Lin បាននិយាយថា៖ «ប្រទេសចិនប្រឆាំងនឹងការពង្រីកគំនិតសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយនិងសកម្មភាពរើសអើង ប្រឆាំងនឹងក្រុមហ៊ុន និងផលិតផលរបស់ចិន»។ លោកបានបន្ថែមថា៖ «ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
ច្បាប់នេះ ប្រសិនបើត្រូវបានបញ្ជាក់អះអាងថា ពិត នោះនឹងបង្ហាញពីការកើនឡើងចុងក្រោយបង្អស់នូវជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។ កាលពីខែឧសភា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការដំឡើងពន្ធលើការនាំចូលរបស់ចិន ដូចជារថយន្តអគ្គិសនី និងបន្ទះអេឡិចត្រូនិកជាដើម៕

