ក្រុមឆ្មាំល្បាតឆ្នេរក្រិក និយាយថា ជនអន្តោប្រវេសន៍ ៣នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតបាត់ខ្លួន ក្រោយទូករបស់ពួកគេលិចនាថ្ងៃចន្ទនេះ នៅជិតកោះ Samos របស់ប្រទេសក្រិក ។
ជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះ ត្រូវបានមើលឃើញនៅលើនាវាឆ្មាំល្បាតឆ្នេរ ស្ថិតនៅកំពង់ផែទីក្រុង Karlovasi មុនពេលឡើងជិះរថយន្តក្រុង ។
យោងតាមការអះអាងរបស់ឆ្មាំល្បាតឆ្នេរ បានឲ្យដឹងថា ជនអន្តោប្រវេសន៍យ៉ាងហោច ៣០នាក់ ត្រូវបានគេជឿថានៅលើទូកដែលបានលិចនៅជិតភូមិ Agios Isidoros ស្ថិតនៅភាគពាយ័ព្យកោះ Aegean ។
មន្រ្តីឆ្មាំសមុទ្រម្នាក់ និយាយថា ជនអន្តោប្រវេសន៍ដែលត្រូវបានរកឃើញស្លាប់ គឺជាស្រ្តីទាំងអស់ ។ មកទល់នឹងពេលនេះ ជនអន្តោប្រវេសន៍ ៥នាក់ ត្រូវបានជួយសង្រ្គោះ នៅក្នុងចំណោមពួកគេរួមមានស្រ្តីមានផ្ទៃពោះម្នាក់ និងអានីតិជនម្នាក់ ដែលត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា ក្រិកបានក្លាយជាច្រកទឹកដ៏ពេញចិត្តមួយទៅកាន់សហភាពអឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន មកពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី អំឡុងឆ្នាំ ២០១៥-២០១៦ ពេលដែលមនុស្សជិត ១លាននាក់ ធ្វើដំណើរទៅដល់កោះរបស់ពួកគេ ភាគច្រើននៃពួកគេ ធ្វើដំណើរតាមទូកពោងដ៏គ្រោះថ្នាក់ ៕