ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នេះ បានចោទប្រកាន់រុស្ស៊ីនៅតុលាការអន្តរជាតិពីបទបំពានច្បាប់ដែនសមុទ្រ ដោយព្យាយាមបន្តរក្សាច្រកសមុទ្រ Kerch រវាងរុស្ស៊ីដីគោក និងតំបន់ដែលត្រូវបានបញ្ចូលជាដែនដីឧបសម្ព័ន្ធ គឺគ្រីម៉ា ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនម្នាក់គត់។
ទីក្រុងគីវ បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ នៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍អន្តររដ្ឋាភិបាល ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងឆ្នាំ២០១៦ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមសាងសង់ស្ពាន Crimea ចម្ងាយ ១៩គីឡូម៉ែត្រភ្ជាប់ទៅកាន់ឧបទ្វីបដែលខ្លួនបានដណ្ដើមយកពីអ៊ុយក្រែន កាលពី ២ឆ្នាំមុន។
ស្ពាននេះមានសារៈសំខាន់ ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ អាហារ និងផលិតផលផ្សេងទៀតទៅកាន់តំបន់គ្រីម៉ា ដែលកំពង់ផែ Sevastopol គឺជាមូលដ្ឋានប្រវត្តិសាស្ត្រនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ហើយបានក្លាយជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់កងទ័ព បន្ទាប់ពីមានការលុកលុយពេញលេញរបស់ទីក្រុងមូស្គូ ក្នុងឆ្នាំ២០២២។
ទីក្រុងគីវ ដែលចង់ឲ្យស្ពាននេះលែងមានវត្តមានតទៅទៀត និងបានកំណត់គោលដៅវាយប្រហារលើវា បាននិយាយថា រុស្ស៊ីបានសាងសង់ស្ពាននេះក្នុងកម្ពស់ដ៏ទាប ដើម្បីកុំឲ្យនាវាអន្តរជាតិចេញចូលបាន ខណៈដែលវាអាចឲ្យតែនាវាតូចៗរបស់រុស្ស៊ីឆ្លងកាត់ច្រកសមុទ្រមួយនេះដែលតភ្ជាប់សមុទ្រ Azov និងសមុទ្រខ្មៅ។
តំណាងរបស់អ៊ុយក្រែន លោក Anton Korynevich បានប្រាប់តុលាការអាជ្ញាកណ្ដាល នៅឯកន្លែងសវនាការថា «រុស្ស៊ីចង់យកសមុទ្រ Azov និងច្រកសមុទ្រ Kerch ជាកម្មសិទ្ធិរបស់ខ្លួនតែម្នាក់»។ តែរុស្ស៊ីបានច្រានចោលករណីរបស់អ៊ុយក្រែននេះថា គ្មានមូលដ្ឋាន និងគ្មានសារៈ៕