យានអវកាស Soyuz របស់រុស្ស៊ី បានចុះចតនៅលើវាលស្មៅដ៏ធំធេងរបស់ប្រទេសកាហ្សាក់ស្ថាន នាថ្ងៃចន្ទនេះ ដោយនាំយកអវកាសយានិករុស្ស៊ី ២រូប និងអវកាសយានិកសហរដ្ឋអាមេរិក ១រូប មកកាន់ផែនដីវិញ ក្រោយស្នាក់នៅលើស្ថានីយ៍អវកាសអន្តរជាតិ(ISS) ។
យានអវកាស Soyuz MS-25 មានអវកាសយានិក Nikolai Chub និង Oleg Kononenko របស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ហើយនិងអវកាសយានិក Tracy Dyson របស់ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA បានចុះចតនៅវេលាម៉ោង ១១ និង ៥៩នាទី ម៉ោងសកល ថ្ងៃចន្ទនេះ ។
លោក Kononenko និងលោក Chub បានរួមចំណែកក្នុងក្រុមអវកាសយានិក ISS ចាប់តាំងពីខែកញ្ញា ឆ្នាំមុនរហូតមក ដោយបានបញ្ចប់បេសកកម្មរយៈពេល ៣៧៤ថ្ងៃ ។
ដោយឡែក ការស្នាក់នៅ ISS របស់លោក Dyson មានរយៈពេលខ្លីជាង ត្រឹម ១៨៤ថ្ងៃប៉ុណ្ណោះ ៕


