មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងបញ្ជូនទាហានបន្ថែមមួយចំនួនទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់។

ឧត្តមសេនីយ លោក ផាទ្រីក រ៉ៃឌ័រ(Patrick Ryder) អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ដោយមានការប្រុងប្រយ័ត្ន យើងនឹងបញ្ជូនបុគ្គលិកយោធារបស់សហរដ្ឋអាមេរិកបន្ថែមមួយចំនួនទៀត ដើម្បីបង្កើនកងកម្លាំងរបស់យើងដែលមានស្រាប់រួចហើយនៅក្នុងតំបន់នោះ។

បន្ទាប់ពីរយៈពេលជិតមួយឆ្នាំនៃសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា អ៊ីស្រាអែល កំពុងផ្លាស់ប្តូរការផ្តោតគោលដៅរបស់ខ្លួនទៅកាន់ព្រំដែនភាគខាងជើង ជាកន្លែងដែលក្រុមហេសបូឡា បាននឹងកំពុងបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល ក្នុងការគាំទ្រក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
យោធាអ៊ីស្រាអែល បានវាយប្រហារលើក្រុមហេសបូឡាជាច្រើនគោលដៅនៅភាគខាងត្បូងប្រទេសលីបង់ ភាគខាងកើតជ្រលងភ្នំBekaa និងតំបន់ភាគខាងជើងក្បែរប្រទេសស៊ីរី ក្នុងការវាយប្រហារដ៏រាលដាលបំផុតរបស់ខ្លួន។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិងកំពុងស្វែងរកការទប់ស្កាត់ជម្លោះទៅកាន់តំបន់ហ្កាហ្សា ហើយបានអំពាវនាវដដែលៗ ឱ្យដោះស្រាយវិបត្តិព្រំដែនអ៊ីស្រាអែល-លីបង់ តាមរយៈផ្នែកការទូត។
ការអំពាវនាវសម្រាប់ផ្នែកការទូត ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) ។