មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (២៤ កញ្ញា) នេះ បានច្រានចោលការចោទប្រកាន់របស់ប្រទេសចិន ជុំវិញការវាយប្រហារតាមអ៊ីនធឺណិតពីក្រុមចោរព័ត៌មានវិទ្យាតៃវ៉ាន់ (Hacker) ដោយលើកឡើងថា ការអះអាងពីទីក្រុងប៉េកាំងលើរឿងនេះគឺជាព័ត៌មានក្លែងក្លាយ។

ក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមចោរព័ត៌មានវិទ្យាគាំទ្រដោយយោធាកោះតៃវ៉ាន់ ដែលមានឈ្មោះថា ក្រុមអនាមិក ៦៤ (Anonymous 64) បាននិងកំពុងធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសចិន ដោយជំរុញឱ្យប្រជាជនរាយការណ៍ «ការបំផ្លិចបំផ្លាញប្រឆាំងនឹងការឃោសនា»។ ក្រសួងក៏បានដាក់ឈ្មោះពលរដ្ឋតៃវ៉ាន់បីនាក់ ដែលខ្លួនបាននិយាយថាជាផ្នែកមួយនៃក្រុមនោះ ហើយបានផ្សព្វផ្សាយរូបភាពរបស់ពួកគេ។

កោះស្វ័យគ្រប់គ្រង តៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន ជារឿយៗបានត្អូញត្អែរថាខ្លួនជាជនរងគ្រោះនៃការវាយប្រហារតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតពីភាគីចិន ប៉ុន្តែនេះជារឿងកម្រណាស់ដែលទីក្រុងប៉េកាំង ធ្វើការចោទប្រកាន់បែបនេះដាក់ទីក្រុងតៃប៉ិ។

ចិន មិនដែលបោះបង់ការប្រើកម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕