ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចប្រជុំក្រុមមន្ត្រីពិភពលោកនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សានៅខាងក្រៅវេទិកាជាមួយមេដឹកនាំអាល្លឺម៉ង់ ឥណ្ឌា និងជប៉ុន កាលពីថ្ងៃចន្ទ (២៣ កញ្ញា) ដោយព្យាយាមគៀងគរការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ។
លោក Zelenskiy បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមបស់ខ្លួនបន្ទាប់ពីជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា “យើងបានពិភាក្សាពីការនាំយកសន្តិភាពមកកាន់តែជិត និងរក្សាការរួបរួម”។ អាល្លឺម៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតមួយនៅអឺរ៉ុបក្នុងការប្រយុទ្ធរបស់ក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី។
លោក Zelenskiy និយាយថាលោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ហើយថាភាគីទាំងពីរ “កំពុងអភិវឌ្ឍទំនាក់ទំនង” ខណៈក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ស្តីពីជំនួយថាមពលរបស់ជប៉ុន ដល់ទីក្រុងគីវ។
ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងជម្លៀសមនុស្សរាប់លាននាក់ទៀត ហើយបានប្រែក្លាយទីក្រុងនានារបស់អ៊ុយក្រែន ក្លាយទៅជាគំនរបាក់បែក។
បន្ទាប់ពីសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លោក Zelenskiy នឹងធ្វើដំណើរនៅចុងសប្តាហ៍នេះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញ “ផែនការជ័យជម្នះ” របស់ខ្លួន និងជំរុញឥទ្ធិពលនៃគោលនយោបាយសេតវិមានលើសង្រ្គាម មិនថាអ្នកណាជាអ្នកឈ្នះការបោះឆ្នោតសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា ក៏ដោយ៕