របាយការណ៍ថ្មីមួយបាននិយាយកាលពីថ្ងៃចន្ទ (២៣ កញ្ញា) ថា មហាសមុទ្រពិភពលោកជិតក្លាយជាមានកម្រិតអាស៊ីតខ្លាំងពេកមិនអាចទ្រទ្រង់ជីវិតសត្វសមុទ្របានត្រឹមត្រូវ ឬជួយរក្សាលំនឹងអាកាសធាតុបានឡើយ។ របាយការណ៍របស់វិទ្យាស្ថាន ផតស៍ឌែម (Potsdam) សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ (PIK) បានរៀបរាប់លម្អិតអំពីកត្តាចំនួន៩ ដែលមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងសមត្ថភាពរបស់ភពផែនដីដើម្បីទ្រទ្រង់ជីវិត។
នៅក្នុងកត្តាសំខាន់ ៦ចំណុចក្នុងចំណោមនោះ ដែនកំណត់សុវត្ថិភាពសមុទ្រជាច្រើនត្រូវបានបំពានរួចហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារសកម្មភាពរបស់មនុស្ស។ កម្រិតដ៏សំខាន់សម្រាប់ការធ្វើឱ្យមហាសមុទ្រមានជាតិអាស៊ីត អាចក្លាយជាចំណុចទីប្រាំពីរដែលត្រូវបានរំលោភបំពាន នេះបើយោងតាមការត្រួតពិនិត្យសុខភាពភពផែនដីជាលើកដំបូងរបស់វិទ្យាស្ថាន PIK ។
ព្រំដែនសុវត្ថិភាព ដែលត្រូវបានបំពានទាំងនោះ ពាក់ព័ន្ធនឹងកត្តាសំខាន់ៗជាច្រើនរួមទាំងបម្រែបម្រួលអាកាសធាតុ ការបាត់បង់ពពួកសត្វទធម្មជាតិ ជម្រកធម្មជាតិ និងទឹកសាប និងការកើនឡើងនៃការបំពុល រួមទាំងប្លាស្ទិក និងជីគីមី ដែលប្រើប្រាស់ក្នុងវិស័យកសិកម្ម។
កម្រិតនិរន្តរភាពនៃការធ្វើឱ្យមហាសមុទ្រឡើងជាតិអាស៊ីតឥឡូវនេះក៏ជិតនឹងលើសផងដែរ ដែលភាគច្រើនជាលទ្ធផលនៃកំណើនការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) បង្កើតឡើងដោយការដុតឥន្ធនៈហ្វូស៊ីលដូចជាប្រេង ធ្យូងថ្ម និងឧស្ម័នជាដើម៕