សហស្ថាបនិកនៃក្រុមហ៊ុន អូសៀនហ្គេត (OceanGate) បាននិយាយកាលពីថ្ងៃចន្ទ (២៣ កញ្ញា) ថា ព័ត៌មានលម្អិតនៅពីក្រោយការផ្ទុះនាវាមុជទឹកទេសចរណ៍សមុទ្រជ្រៅ ទីតាន (Titan) ដ៏កក្រើកកាលពីឆ្នាំមុននោះ ប្រហែលជាមិនអាចត្រូវបានគេដឹងនោះទេ។
លោក ហ្គូលែម៉ូ សូនលេន (Guillermo Sohnlein) បានប្រាប់សវនាការឆ្មាំល្បាតអាមេរិក ដែលស៊ើបអង្កេតឧប្បត្តិហេតុនេះថា «ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំមិនដឹងថាអ្នកណាជាអ្នកសម្រេចចិត្តនៅពេលណា និងផ្អែកលើព័ត៌មានអ្វីនោះដែរ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនដឹងថាតើយើងទាំងអស់គ្នាអាចនឹងដឹងពីមូលហេតុពីក្រោយឧបទ្ទវហេតុនោះឬអត់ឡើយ ទោះបីជាមានការខិតខំប្រឹងប្រែងស៊ើបអង្កេតយ៉ាងណាក៏ដោយ»។
លោក Sohnlein ក៏បានប្រាប់ក្រុមប្រឹក្សាថា លោក និងសហស្ថាបនិក ស្តុកថុន រ៉ាស (Stockton Rush) ដំបូងឡើយ មិនមានបំណងសាងសង់នាវាមុជទឹកផ្ទាល់ខ្លួនឡើយ តែគំនិតនោះបានផ្លាស់ប្តូរបន្ទាប់ពីដឹងថាមិនអាចទិញយាននៅក្រោមទឹកដែលបំពេញតម្រូវការរបស់ពួកគេបាន។
គួររម្លឹកថា នាវាមុជទឹក Titan ប្រវែងជាង ៦ម៉ែត្រដែលដំណើរការដោយក្រុមហ៊ុន OceanGate នោះ បានផ្ទុះកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ៥នាក់ ខណៈកំពុងមុជទឹកទៅកាន់បំណែកកប៉ាល់ ទីតានិក (Titanic) ដែលមានអាយុកាលរាប់សតវត្ស។
ឧបទ្ទវហេតុនេះបានចោទជាសំណួរអំពីភាពមិនមានការគ្រប់គ្រងនៃបេសកកម្មបែបនេះ និងការសម្រេចចិត្តដោយ OceanGate ក្នុងការលុបចោលការត្រួតពិនិត្យពីឧស្សាហកម្មភាគីទីបី និងការបញ្ជាក់លម្អិតនៃការរចនា (ឌីហ្សាញ) របស់យាន Titan៕