ភ្នំពេញ៖ លោក ឆាយ វិសុទ្ធ ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ គិតគូរទៅដល់ជនរងគ្រោះទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលបានឆ្លងកាត់ សំលាប់ដោយរបបកម្ពុជា ប្រជាធិបតេយ្យ។
ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រាប់យ៉ាងដូច្នេះ ក្នុងឱកាសដែរលោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមប្រារព្ធពិធីបុណ្យសូត្រមន្តកាន់បិណ្ឌបង្សុកូល ឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ រាបម៉ឺននាក់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង រយៈពេល០២ថ្ងៃ ពីថ្ងៃទី១៧-១៨ កញ្ញា ២០១៩នេះ។
លោក បន្តទៀតថា ក្រៅការស្វែងរកយុតិ្តធម៌ កម្មវិធីថ្ងៃនេះ ក៏បង្ហាញពីការសហការគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជននានា មូលមតិគ្នា ក្នុងការចងចាំទៅដល់ជនរងគ្រោះទាំងអស់។ មានន័យថា ប្រជាពលរដ្ឋស្លូតត្រង់ដែលបាត់បង់ជីវិត មិនមានន័យថា ទៅដោយការបំភ្លេចចោលនោះទេ គឺយើងបានរំលឹកជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងសារមនី្ទរទួលស្លែង។
នាឱកាសនោះ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអុជធូប បួងសួង រាប់បាត្រ សូមអោយព្រលឹងវិញ្ញាណទាំងនោះ បានទៅចាប់កំណើតនៅទីឋានដែលសមគួរផងចុះ។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ជាចំណែកមួយ គឺដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ ថ្មី និងពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។
ជាពិសេសជាងនេះទៅទៀត គឺប្រជាជន ស្លូតត្រង់ដែលទទួលរងទុក្ខ ទារុណកម្ម យ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ដូច្នេះ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ សូមឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕