សៀមរាប៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បើកសម្ពោធអាគារសម្រាប់សម្រាកព្យាបាល ១ខ្នង ស្មើនឹង២ជាន់ ដែលអាចដាក់គ្រែអ្នកជំងឺបានជាង១០០គ្រែ ខណៈពេលដែលមន្ទីរពេទ្យមួយនេះ មានគ្រែអ្នកជំងឺសរុប៣៧០គ្រែ និងត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្រូវការលើសពី១០០%។
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានរៀបចំបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសម្រាកព្យាបាលជំងឺទូទៅ១ខ្នង ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម ជាអំណោយសប្បុរសនៃលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងនៅក្នុងរបាយការណ៍ថា៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានគ្រែអ្នកជំងឺចំនួន៣៧០គ្រែ ហើយការប្រើប្រាស់ជាក់ស្ដែងប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ននេះលើសពី១០០% ក្នុងនោះ ពី១០ ទៅ ១៥% នៃអ្នកជំងឺ គឺមកពីបណ្តាខេត្តផ្សេងៗផងដែរ។
អាគារសម្រាកព្យាបាលជំងឺ ដែលកំពុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ពីមុនមានតែជាន់ផ្ទាល់ដី ទំហំ ១៤ម៉ែត្រ គុណ ១៩ម៉ែត្រប៉ុណ្ណោះ។ក្រោយពីការជួសជុលកសាងកែលំអថ្មី អាគារមួយនេះត្រូវបានកសាងបន្ថែមពីលើមួយជាន់ថ្មីទៀត និងពង្រីកបានដល់ ២២ម៉ែត្រ គុណ ១៩ម៉ែត្រ ដោយចំណាយអស់ថវិកាជាង១៦ម៉ឺនដុល្លារ។ ក្នុងមួយអាគារនេះ ទាំងជាន់ផ្ទាល់ដីនិងជាន់លើអាចដាក់គ្រែទទួលអ្នកជំងឺឲ្យសម្រាកព្យាបាលនៅទីនោះបានចំនួន១១០គ្រែ។
លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង បានលើកឡើងថា មានអ្វីៗទាំងអស់សម្រាប់ថ្ងៃនេះ គឺមិនអាចបំភ្លេចបានទេ នូវការដឹងគុណថ្ងៃ៧មករា១៩៧៩ ដែលជាថ្ងៃផ្តល់កំណើតទី២ដល់ប្រជាជាតិកម្ពុជា និងមិនអាចកាត់ផ្តាច់បាននោះឡើយ ចំពោះពាក្យថា អគុណសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដ៏ឈ្លាសវ៉ៃ។
ការថែរក្សាសន្តិភាព គឺជាកត្តាចម្បងសម្រាប់ការធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍជាតិ ដែលទាំងនេះគឺជាកាតព្វកិច្ចចូលរួមនៃប្រជាជនកម្ពុជាទាំងមូល ក្នុងធ្លុងមហាសាមគ្គីជាតិ។
លោកជំទាវឧកញ៉ា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តផងដែរថា ក្នុងន័យដឹងគុណ៧មករា សម្រាប់លោកជំទាវផ្ទាល់ មួយផ្នែកនៃការចូលរួមកសាងសង្គមជាតិ វិស័យសុខាភិបាលគឺជាគោលដៅមួយដ៏ធំ លោកជំទាវបានសម្រេចចិត្តរួចហើយថា ៖ នឹងត្រូវកសាងឲ្យបាន អាគារសម្រាកព្យាបាលនៃអ្នកជំងឺ សម្រាប់ដាក់ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្តទូទាំងប្រទេស ក្នុងមួយខេត្ត ១អាគារ កម្ពស់ ៥ជាន់។
គម្រោងនេះ កំពុងត្រូវបានអនុវត្តបានប្រមាណជា៩៥%ហើយ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងត្រូវបន្តទៅបណ្តាខេត្តផ្សេងៗទៀត។
សម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវបានទទួលគម្រោងនេះដែរ លើអាគារដែលត្រូវបានជួសជុលកែលម្អកន្លងមក។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប វាយតម្លៃថា៖ អាគារសម្រាកព្យាបាលដែលកំពុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ពិតជាត្រូវបាននាំមកនូវអត្ថប្រយោជន៍ដ៏សំខាន់ និងបានជួយបំពេញកង្វះខាតនៃមន្ទីរពេទ្យផងដែរ ហើយអ្វីដែលសំខាន់ជាងនេះ គឺជាការបើកលទ្ធភាពរបស់មន្ទីរពេទ្យមួយកម្រឹតទៀត ក្នុងការជួយសង្គ្រោះសុខភាព និងអាយុជីវិតនៃអ្នកជំងឺ ប្រកបដោយសេវាគុណភាព មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ៕
អត្ថបទ៖ ងីញ គឹមលែង
