អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃចន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើនឡើង នៅតាមខ្សែបន្ទាត់ពណ៌ខៀវ ( Blue Line) ជាតំបន់ទ្រនាប់ដែលខ័ណ្ឌចែកអ៊ីស្រាអែល និងលីបង់ ហើយចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតរួមទាំងកុមារ និងស្ត្រីដែលត្រូវបានរាយការណ៍ដោយអាជ្ញាធរ លីបង់។
អ្នកនាំពាក្យរបស់UN លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខUN ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសខ្លួនរាប់ពាន់នាក់ ចំពេលមានយុទ្ធនាការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំមុនមក។
ដោយកត់សម្គាល់ថា លោកអគ្គលេខាធិការ ក៏មានការព្រួយបារម្មណ៍ជាខ្លាំងចំពោះការបន្តវាយប្រហារដោយក្រុមហេសបូឡា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល សេចក្តីថ្លែងការណ៍ បាននិយាយថា ប្រមុខ UN បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុវត្ថិភាពរបស់ជនស៊ីវិល នៅលើភាគីទាំងពីរនៃខ្សែបន្ទាត់ពណ៌ខៀវ(Blue Line) រួមទាំងបុគ្គលិកUN និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាត់បង់នៃ ជីវិតមនុស្សយ៉ាងច្រើននោះ។
សេចក្តីថ្លែងការណ៍ បានបន្តថា លោក ហ្គុយតឺរេស បានបញ្ជាក់ឡើងវិញនូវតម្រូវការសម្រាប់ការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ហើយថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ ត្រូវផ្តោតទៅលើដំណោះស្រាយការទូត ហើយលោកបានអំពាវនាវដល់ភាគីទាំងអស់ ឲ្យការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធានាថា ពួកគេមិនត្រូវមានគ្រោះថ្នាក់ឡើយ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«លោកអគ្គលេខាធិការ ក៏រំលឹកតួអង្គទាំងអស់អំពីការទទួលខុសត្រូវរបស់ពួកគេ ក្នុងការធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិទាំងអស់» ហើយ «ជំរុញឲ្យភាគីទាំងអស់ប្តេជ្ញាចិត្តឡើងវិញចំពោះការអនុវត្តពេញលេញនូវសេចក្តីម្រេចលេខ ១៧០១ (២០០៦) របស់ក្រុមប្រឹក្សាសន្តិសុខ ហើយត្រឡប់ទៅការបញ្ឈប់អរិភាពជាបន្ទាន់។