នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) បានអំពាវនាវ ឲ្យបណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនព្រមអនុញ្ញាតដល់ការប្រើប្រាស់អាវុធដែលត្រូវបានផ្គង់ផ្គង់ ដើម្បីធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងប្រទេសរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីថ្ងៃចន្ទ លោកស្រី Frederiksen បានប្រាប់សារព័ត៌មាន Bloomberg ថា៖ «យោបល់របស់ខ្ញុំ គឺថា យើងត្រូវឈប់ពិភាក្សាអំពីបន្ទាត់ក្រហមនោះទៅ»។ លោកស្រីបានបន្ថែមថា អ្នកជួយគាំទ្រដល់អ៊ុយក្រែន បានបង្កើតនូវ «កំហុសឆ្គង» ដោយការរារែកក្នុងការអនុញ្ញាតឲ្យទីក្រុងគីវវាយលុកគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដែលការធ្វើដូច្នេះ បានផ្តល់ឲ្យទីក្រុងមូស្គូនូវ «សន្លឹកបៀដ៏ល្អបំផុត នៅក្នុងដៃរបស់ពួកគេ»។
គួរបញ្ជាក់ថា ប្រទេសដែលជួយផ្តល់អាវុធ ជាពិសេសសហរដ្ឋអាមេរិក បានដាក់កំហិតលើការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយសារតែការភ័យខ្លាចថា នឹងត្រូវធ្វើឲ្យជម្លោះជាមួយរុស្ស៊ីកាន់តែអូសបន្លាយថែមទៀត។
ប៉ុន្តែការអំពាវនាវបានកើនឡើងខ្លាំងទៅៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីឲ្យមានការលុបចោលការរឹតបន្តឹងទាំងនោះ ក្នុងនោះរួមទាំងពីអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ផងដែរ ដែលបាននិយាយថា វាមានសារៈសំខាន់ណាស់ ដើម្បីឲ្យទីក្រុងគីវទទួលបានជ័យជម្នះ។ ហើយប្រទេសដាណឺម៉ាក ហ្វាំងឡង់ និងស៊ុយអែត ក៏ស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលបាននិយាយថា អ៊ុយក្រែនអាចធ្វើបែបនេះបាន៕