ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) បានផ្ដល់របាយការណ៍ថា ចំនួនឃាតកម្មដែលត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងឆ្នាំ២០២៣ ជាមួយនឹងអត្រាដ៏លឿនបំផុត ក្នុងកំណត់ត្រា ដោយបន្តធ្លាក់ចុះពីការកើនឡើងនូវអំពើមនុស្សឃាត ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
របាយការណ៍របស់ FBI ដែលជាការចងក្រងចុងក្រោយរបស់ទីភ្នាក់ងារនេះពីទិន្នន័យឧក្រិដ្ឋកម្ម សម្រាប់ឆ្នាំ២០២៣ បានបង្ហាញថា មានការសម្លាប់មនុស្សប្រហែល ២.៥០០ករណី នៅឆ្នាំ២០២៣ ដោយមានកម្រិតទាបជាងឆ្នាំ២០២២ ពោលគឺធ្លាក់ចុះ ១១,៦ភាគរយ។
កម្រិតនោះ គឺជាអត្រាធ្លាក់ចុះដ៏ច្រើនបំផុត បើធៀបនឹងឆ្នាំមុនៗ ក្នុងរយៈពេលដូចគ្នា ចាប់តាំងពីការរក្សាកំណត់ត្រាជាតិ បានចាប់ផ្តើមមានឡើងនៅឆ្នាំ១៩៦០។ នេះបើយោងតាមលោក Jeff Asher អ្នកវិភាគទិន្នន័យឧក្រិដ្ឋកម្មដែលមានមូលដ្ឋាននៅទីក្រុង New Orleans។
សរុបមក ឧក្រិដ្ឋកម្មហិង្សាបានធ្លាក់ចុះ ៣ភាគរយ ហើយឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ បានធ្លាក់ចុះ ២,៦ភាគរយ នៅឆ្នាំ២០២៣ ដោយករណីលួចទ្រព្យសម្បត្តិ ធ្លាក់ចុះ ៧,៦ភាគរយ ហើយអំពើចោរកម្មតូចតាចផ្សេងទៀតធ្លាក់ចុះ ៤,៤ភាគរយ។
តែទោះបីជាយ៉ាងនេះក្តី ឧក្រិដ្ឋកម្មនៅតែជាចំណុចមួយនៃការជជែកដេញដោលគ្នាដដែល នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតី លោក Donald Trump បានពណ៌នាទីក្រុងនានារបស់សហរដ្ឋអាមេរិកថា ជាសហគមន៍ពេញទៅដោយឧក្រិដ្ឋកម្ម។
ការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកនៅតែព្រួយបារម្ភអំពីឧក្រិដ្ឋកម្ម ហើយថា តែងមានគម្លាតជាប់ជានិច្ច រវាងទិន្នន័យឧក្រិដ្ឋកម្ម និងការយល់ឃើញរបស់សាធារណជនទូទៅ ចំពោះបញ្ហានេះ៕