ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ(Bashar al-Assad) កាលពីថ្ងៃចន្ទ បានប្រកាសនៅក្នុងក្រឹត្យប្រធានាធិបតីស្តីពីការបង្កើតរដ្ឋាភិបាលថ្មី មួយ។
ការរុះរើនេះ រួមមានក្រសួងសំខាន់ៗដូចជា ក្រសួងព័ត៌មាន ក្រសួងការបរទេស សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម សុខាភិបាល និងអគ្គិសនី។
លោក Bassam al-Sabbagh អតីតអនុរដ្ឋមន្ត្រីការបរទេស បានជំនួសលោក Faisal Mekdad ជារដ្ឋមន្ត្រីការបរទេស។ នៅក្នុងក្រឹត្យមួយទៀត លោក Mekdad ត្រូវបានតែងតាំងជាអនុប្រធានាធិបតី ដែលមានភារកិច្ចអនុវត្តគោលនយោបាយបរទេស និងប្រព័ន្ធផ្សព្វផ្សាយ ក្រោមការណែនាំរបស់ប្រធានាធិបតី។
លោក Ziad Ghossoun អតីតអគ្គនាយកនៃអង្គការបោះពុម្ព និងផ្សព្វផ្សាយ Al-Wahda ដែលជាអ្នកបោះពុម្ពផ្សាយប្រព័ន្ធផ្សព្វផ្សាយធំជាងគេមួយ នៅក្នុងប្រទេសស៊ីរី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីព័ត៌មានថ្មី។
ការបង្កើតរដ្ឋាភិបាលថ្មីនេះ ធ្វើឡើង បន្ទាប់ពីក្រឹត្យដែលចេញដោយលោក អាសាដ កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះ លោកបានតែងតាំងអតីតរដ្ឋមន្ត្រីទំនាក់ទំនង Mohammed Ghazi Jalali ជានាយករដ្ឋមន្ត្រីថ្មី ហើយបានប្រគល់ភារកិច្ចឲ្យគាត់បង្កើតរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតសភាខែកក្កដា។