អភិបាលរដ្ឋ California លោក Gavin Newsom បានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ជាធរមាន កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) លើសេចក្ដីស្នើច្បាប់ដែលតម្រូវឲ្យសាលារៀនកម្រិត ឬហាមប្រាមមិនឲ្យប្រើប្រាស់ស្មាតហ្វូន ចំពេលមានការយល់ស្របកាន់តែខ្លាំងឡើងថា ការប្រើប្រាស់លើសកំណត់ អាចបង្កើនហានិភ័យឲ្យមានជំងឺផ្លូវចិត្ត និងធ្វើឲ្យប៉ះពាល់ដល់ការសិក្សា។
មិនខុសគ្នាដែរ រដ្ឋចំនួន ១៣ផ្សេងទៀត ក្នុងឆ្នាំ២០២៤ នេះ បានហាមឃាត់ ឬដាក់កម្រិតមិនឲ្យប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលារៀន ឬបានណែនាំអ្នកអប់រំមូលដ្ឋានឲ្យធ្វើដូច្នេះ បន្ទាប់ពីរដ្ឋ Florida បាននាំមុខគេក្នុងការហាមឃាត់មិនឲ្យមានប្រើទូរស័ព្ទ នៅក្នុងថ្នាក់រៀន កាលពីឆ្នាំ២០២៣។ នេះបើយោងតាមទស្សនាវដ្ដី Education Week។
រដ្ឋ California ដែលមានសិស្សសាលារដ្ឋជិត ៥,៩លាននាក់ បានធ្វើតាមគោលនយោបាយរបស់តំបន់ Los Angeles County របស់ខ្លួន ដែលក្រុមប្រឹក្សាសាលា បានហាមប្រាមមិនឲ្យប្រើស្មាតហ្វូន សម្រាប់សិស្ស ៤២៦.០០០នាក់ នៅក្នុងខែមិថុនា។
សេចក្ដីស្នើច្បាប់របស់រដ្ឋ California ដែលទទួលបានការអនុម័តជាមួយនឹងសំឡេងគាំទ្រ ៧៩-០ នៅក្នុងសភាប្រចាំរដ្ឋ និងសំឡេង ៣៨-១ នៅក្នុងព្រឹទ្ធសភា តម្រូវឲ្យក្រុមប្រឹក្សាសាលារៀន ឬស្ថាប័នគ្រប់គ្រងផ្សេងទៀតបង្កើតគោលការណ៍កម្រិត ឬហាមឃាត់សិស្សានុសិស្សមិនឲ្យប្រើប្រាស់ស្មាតហ្វូន នៅក្នុងបរិវេណសាលារៀន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ហើយធ្វើបច្ចុប្បន្នភាពគោលនយោបាយរៀងរាល់ ៥ឆ្នាំម្តង៕