ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងបេរូត លោក Alexander Rudakov បានប្រាប់ទូរទស្សន៍ Rossiya-24ថា ប្រទេសលីបង់ កំពុងឈានដល់វិបត្តិមនុស្សធម៌ស្រដៀងនឹងស្ថានភាពធ្ងន់ធ្ងរ នៅតំបន់ហ្កាហ្សាស្ទ្រីប។
អ្នកការទូតរុស្ស៊ីរូបនេះ បាននិយាយថា៖«ប្រទេសលីបង់ កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពនៃគ្រោះមហន្តរាយមនុស្សធម៌ ដូចទៅនឹងអ្វីដែលតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមដែរ។ អ្នកជំរុញឲ្យមានសោកនាដកម្មនេះ គឺដូចគ្នានៅក្នុងករណីទាំងពីរ»។
យោងតាមលោក Rudakov មន្ទីរពេទ្យនៅប្រទេសលីបង់ កំពុងជួបការលំបាក ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ហើយវិសាលភាពនៃវិបត្តិ មិនអាចត្រូវបានគេវាយតម្លៃបានទេ។
ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើនឡើងបន្ថែមទៀត បន្ទាប់ពីរលកនៃការផ្ទុះឧបករណ៍ទំនាក់ទំនងឥតខ្សែ បានធ្វើឲ្យរញ្ជួយប្រទេសលីបង់កាលពីថ្ងៃទី ១៧ និង ១៨ខែកញ្ញា។ ក្រុមលីបង់ បានស្តីបន្ទោសការបំផ្ទុះនេះលើអ៊ីស្រាអែល។ ខណៈពេលដែលមន្ត្រីអ៊ីស្រាអែល មិនទាន់បានធ្វើអត្ថាធិប្បាយលើការវិវឌ្ឍនៅឡើយ ពួកគេបានប្រកាសថា នឹងពង្រឹងប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងជើង មុនពេលដែលអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសទៅលើភាគខាងត្បូងប្រទេសលីបង់ និងបានវាយប្រហារទីក្រុងបេរូតផងដែរនោះ។