នៅថ្ងៃអង្គារនេះ ចិន និយាយថា ពួកគេមានក្តីបារម្ភជាខ្លាំងចំពោះភាពតានតឹងរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ហើយនិងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ធូរបន្ថយស្ថានភាពជាបន្ទាន់ ដើម្បីការពារការឡើងកម្តៅបន្ថែមទៀតនៃជម្លោះក្នុងតំបន់ ។
សេចក្តីអត្ថាធិប្បាយរបស់ក្រសួងការបរទេសចិន បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយយោធាអ៊ីស្រាអែល និយាយថា ពួកគេបានបើកការវាយប្រហារតាមច្រកអាកាសលើគោលដៅរបស់ក្រុមឧទ្ទាមហេសប៊ូឡា នៅប្រទេសលីបង់ ដែលក្រុមអាជ្ញាធរលីបង់ និយាយថា បានសម្លាប់មនុស្សយ៉ាងហោច ៤៩២នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព នៅថ្ងៃស្លាប់មនុស្សច្រើនបំផុតរបស់ពួកគេ នារយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជួបជាមួយសមភាគីលីបង់លោក Abdallah Bou Habib នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ជាទីដែលពួកគេបានផ្លាស់ប្តូរទស្សនៈ លើស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ។
លោក Wang និយាយថា ចិនកំពុងធ្វើការ ដើម្បីសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ ៕