ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក Vladyslav Vlasiuk នៅថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) នេះ បានប្រាប់អ្នកសារព័ត៌មានថា ប្រហែល ៦០ភាគរយនៃគ្រឿងបន្លាស់បរទេសដែលរកឃើញនៅក្នុងអាវុធរុស្ស៊ី នៅឯសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន មកតាមរយៈប្រទេសចិន។
លោក Vlasiuk បានប្រាប់ថា៖ «ប្រសិនបើអ្នកយកប្រភេទអាវុធធម្មតាទូទៅទាំងអស់ ហើយរាប់សមាសធាតុដែលផលិតដោយបរទេស ប្រមាណជា ៦០ភាគរយ នឹងមកពីប្រទេសចិន។ យើងបានពិភាក្សាជាយូរមកហើយជាមួយអ្នកផលិតមួយចំនួនអំពីរឿងនេះ»។ លោកបានបន្ថែមថា៖ «PRC (ចិន) គឺជាបញ្ហាដ៏ធំបំផុត ដែលខ្ញុំចង់និយាយ»។
ជាមួយគ្នានេះ លោកបានប្រាប់ទៀតថា គ្រឿងបន្លាស់សំខាន់ៗដែលប្រើប្រាស់ក្នុងការឃ្លាំមើល យានដ្រូន និងមីស៊ីល ក៏មានប្រភពមកពីសហរដ្ឋអាមេរិក ហូឡង់ ជប៉ុន និងស្វីសផងដែរ ក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត។
រុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញលើដែនដីអ៊ុយក្រែន នៅឆ្នាំ២០២២ ហើយទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ ក៏ទីក្រុងមូស្គូនៅអាចបំពេញបន្ថែមអង្គភាពយោធារបស់ខ្លួនជាមួយនឹងបន្ទះមីក្រូឈីប និងបន្ទះអេឡិកត្រូនិករបស់លោកខាងលិចបានដែរ៕