នៅព្រឹកថ្ងៃអង្គារនេះ អ៊ីស្រាអែល បន្តបើកការវាយប្រហារតាមច្រកអាកាសរបស់ខ្លួនលើតំបន់ភាគខាងត្បូងប្រទេសលីបង់ រយៈពេល ១ថ្ងៃ ក្រោយថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅលីបង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេ បានវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសប៊ូឡា នៅតំបន់ភាគខាងត្បូងលីបង់ កាលពីយប់កន្លងទៅ ក្រោយពួកគេ បានបើកការវាយប្រហារលើទីតាំងរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ កាលពីថ្ងៃចន្ទ ។
ក្រុមហេសប៊ូឡា និយាយនៅព្រឹកថ្ងៃអង្គារនេះដែរថា ពួកគេបានវាយប្រហារលើគោលដៅយោធាជាច្រើនកន្លែងរបស់អ៊ីស្រាអែល រួមទាំងរោងចក្រផលិតគ្រាប់រំសេវ ស្ថិតនៅចម្ងាយ ៦០គ.ម ចូលក្នុងទឹកដីអ៊ីស្រាអែល ដោយប្រើប្រាស់រ៉ុក្កែត Fadi ។
ក្រុមអាជ្ញាធរលីបង់ និយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់កាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សជិត ៥០០នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ភៀសខ្លួន ទៅរកទីសុវត្ថិភាព ៕


