ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានទទួលស្គាល់តម្រូវការសម្រាប់ការឆ្លើយតបរួមចំពោះការបង្កហេតុនៅ «តំបន់ពណ៌ប្រផេះ»ដោយកូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចពិភាក្សាការពារជាតិជាប្រចាំរបស់ពួកគេ ក្នុងសប្តាហ៍នេះ។
អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិ លោក Cho Chang-rae និងលោក Anka Leeឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានពិភាក្សាអំពីបញ្ហានេះ ក្នុងអំឡុងកិច្ចពិភាក្សាការពារជាតិកូរ៉េ-អាមេរិករយៈពេល២ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃនេះ នៅទីក្រុងសេអ៊ូល។
ប្រទេសកូរ៉េខាងជើង បានរៀបចំនូវអ្វីដែលគេហៅថា ការបង្កហេតុនៅតំបន់ប្រផេះ នៅឆ្នាំនេះ ដូចជាការ បង្ហោះបាឡុងផ្ទុកសំរាមចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង និងការរារាំងសញ្ញា GPS ជុំវិញខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL) ដែលជាព្រំដែនសមុទ្រអន្តរកូរ៉េពិតប្រាកដ។
ក្រសួង បាននិយាយថា៖«ភាគីទាំងពីរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តបង្ហោះបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង»។