ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលស្ថិតនៅក្នុងទីក្រុងញូវយ៉ក សម្រាប់ជំនួបជាមួយក្រុមមន្រ្តីពិភពលោកនៅអង្គការសហប្រជាជាតិ(UN) បានជួបជាមួយក្រុមតំណាងធុរកិច្ចសហរដ្ឋអាមេរិក នាថ្ងៃអង្គារនេះ ។
អំឡុងជំនួបនាពេលនោះ លោក Zelenskiy និយាយថា ពួកយើងត្រូវតែត្រៀមខ្លួនសម្រាប់រដូវក្តៅ ពិតណាស់ថាវាគឺជាចំណុចខ្សោយរបស់ពួកយើងនាពេលបច្ចុប្បន្ននេះ ពីព្រោះថា បណ្តាញថាមពលរបស់ពួកយើង រងការវាយប្រហារជារៀងរាល់ថ្ងៃ ។
ទីភ្នាក់ងារថាមពលអន្តរជាតិ បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីសប្តាហ៍មុនថា កង្វះខាតការផ្គត់ផ្គង់អគ្គិសនីអ៊ុយក្រែន អាចនឹងឈានដល់កម្រិតប្រហែល ១ភាគ៣នៃតម្រូវការកំពូលតាមការរំពឹងទុក ស្របពេលមានការវាយប្រហារ និងការផុតកំណត់កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័ន នាដំណាច់ឆ្នាំនេះ ។
ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូចាត់ទុកថាជាប្រតិបត្តិការសឹកពិសេសរបស់ខ្លួននោះ បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហើយនិងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យមនុស្សរាប់លាននាក់ រត់ភៀសខ្លួន និងធ្វើឲ្យទីក្រុងតូច-ធំរបស់អ៊ុយក្រែន ក្លាយជាគំនរបាក់បែក ។
ក្រោយកិច្ចប្រជុំនៅមហាសន្និបាត UN លោក Zelenskiy នឹងបន្តដំណើរទៅកាន់ទីក្រុងវ៉ាស៊ីងតោន ដើម្បីបង្ហាញផែនការជ័យជំនះ និងឥទ្ធិពលនៃគោលនយោបាយរបស់សេតវិមានលើសង្រ្គាម មិនសំខាន់ថាបេក្ខជនរូបណាឈ្នះការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះនោះឡើយ ៕


