ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអេត្យូពី នៅថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអេត្យូពី បានព្រមានថា គ្រាប់រំសេវដែលត្រូវបានផ្គត់ផ្គង់ឲ្យសូម៉ាលី អាចធ្វើឲ្យជម្លោះមានសភាពកាន់តែអាក្រក់ទៅៗ ហើយនិងអាចត្រូវបានបង្វែរទៅឲ្យពួកភេរវករ។
សេចក្តីថ្លែងការណ៍របស់លោកបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីនាវាចម្បាំងអេហ្ស៊ីប បានទម្លាក់អាវុធធុនធ្ងន់ នៅក្នុងរដ្ឋធានី Mogadishu ដែលជាការដឹកជញ្ជូនអាវុធលើកទី២ ក្នុងរយៈពេលមួយខែ ក្រោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាដោយអេហ្ស៊ីប និងសូម៉ាលី ក្នុងខែសីហា។
គួរបញ្ជាក់ថា ប្រទេសគ្មានព្រំដែនសមុទ្រអេត្យូពីដែលមានកងទ័ពរាប់ពាន់នាក់ឈរជើង នៅប្រទេសជិតខាងសូម៉ាលី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរអ៊ិស្លាមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានមានជម្លោះជាមួយរដ្ឋាភិបាលទីក្រុង Mogadishu ជុំវិញគម្រោងសាងសង់កំពង់ផែ នៅក្នុងតំបន់ផ្ដាច់ខ្លួន គឺសូម៉ាលីឡែន (Somaliland)។
ជម្លោះនេះ បាននាំឲ្យប្រទេសសូម៉ាលីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអេហ្ស៊ីប ដែលបានមានជម្លោះជាមួយអេត្យូពីអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំល្វឹងល្វើយរបស់ទីក្រុង Addis Ababa នៅលើផ្នែកខាងលើនៃទន្លេ Nile៕