នៅថ្ងៃអង្គារនេះ វិមានក្រឹមឡាំង បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ មាននូវសក្តានុពលធ្វើឲ្យអស្ថិរភាពទាំងស្រុងនៅតំបន់មជ្ឈិមបូព៌ា និងធ្វើឲ្យជម្លោះកាន់តែរីកធំនៅទីនោះ ។
អ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនៅតំបន់ភាគខាងត្បូងលីបង់ ហើយក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើទីតាំងយោធានៅតំបន់ភាគខាងជើងអ៊ីស្រាអែល នាថ្ងៃអង្គារនេះ ធ្វើឲ្យក្តីបារម្ភកើនឡើងពីជម្លោះពេញលេញ ក្រោយលីបង់ ទទួលរងថ្ងៃស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជាហេតុការណ៍ដែលគ្រោះថ្នាក់ខ្លាំងបំផុត ពេលដែលវាកើតឡើងក្នុងជម្លោះកំពុងរីកធំបែបនេះ វានឹងធ្វើឲ្យអស្ថិរភាពទាំងស្រុងដល់តំបន់ទាំងមូល ។ លោកបន្តថា ជាការពិតខ្លាំងណាស់ថា វាធ្វើឲ្យពួកយើងព្រួយបារម្ភជាខ្លាំង ។
គួរឲ្យដឹងថា រុស្ស៊ី បានពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហេសប៊ូឡា ចាប់តាំងពីប្រតិបត្តិការសឹកពិសេសរបស់ពួកគេ នៅអ៊ុយក្រែន ហើយពួកគេតែងតែចោទសួរពីសមាមាត្រនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយនិងចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ ជាហេតុធ្វើឲ្យមានទំនាក់ទំនងជាប់គាំង ជាមួយអ៊ីស្រាអែល ៕


