រដ្ឋមន្រ្តីក្រសួងសុខាភិបាលលីបង់លោក Firass Abiad និយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីថ្ងៃចន្ទមក បានកើនឡើងដល់ ៥៥៨នាក់ ក្នុងនោះរួមទាំងកុមារ ៥០នាក់ និងស្រ្តី ៩៤នាក់ផងដែរ ខណៈដែលមនុស្ស ១.៨៣៥នាក់ផ្សេងទៀត រងរបួស ។
ក្រុមគ្រួសារ មកពីតំបន់ភាគខាងត្បូងលីបង់ នាំគ្នាឡើងជិះរថយន្តតូច-ធំ ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីធ្វើដំណើរទៅកាន់តំបន់សុវត្ថិភាព ហើយក្នុងនោះ មនុស្សច្រើនជំនាន់ បានឡើងជិះរថយន្តតែមួយគ្រឿង ។
ស្របពេលដែលគ្រាប់បែកធ្លាក់ស្រោចដូចគ្រាប់ភ្លៀង ក្មេងៗនាំគ្នារត់រកឪពុកម្តាយរបស់ពួកគេ និងជ្រកក្រោមវ៉ាលីដែលចងជាប់លើដំបូលរថយន្ត ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនៅតំបន់ភាគខាងត្បូងលីបង់ ហើយក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើទីតាំងយោធានៅតំបន់ភាគខាងជើងអ៊ីស្រាអែល នាថ្ងៃអង្គារនេះ ធ្វើឲ្យក្តីបារម្ភកើនឡើងពីជម្លោះពេញលេញ ក្រោយលីបង់ ទទួលរងថ្ងៃស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ៕